ថៃ បង្កវិនាសកម្មធ្ងន់ធ្ងរលើជនស៊ីវិល និងកុមារកម្ពុជា ផ្ទះ និងសាលារៀនខូចខាត នៅបឹងត្រកួន ក្រោមទម្ងន់គ្រាប់ផ្លោង និងទម្លាក់ពីយន្តហោះចម្បាំង

(បន្ទាយមានជ័យ)៖ នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកសារព័ត៌មានកំពុងយកព័ត៌មានផ្ទាល់នៅតាមសមរភូមិសង្គ្រាមព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ បានឆ្មក់ចុះផ្តិតយករូបភាពផ្ទះសម្បែង និងសាលារៀន បាក់បែកខូចខាតដោយទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះចម្បាំងរបស់កងទ័ពថៃ នៅច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាសមរភូមិដ៏ក្តៅគគុកមួយក្នុងរយៈពេលប្រមាណ១២ថ្ងៃមកហើយ។
នៅតាមផ្លូវពីទីរួមស្រុកថ្មពួក ដល់បឹងត្រកួនមានសភាពស្ងាត់ជ្រងុំ ប្រជាពលរដ្ឋ បានចេញចោលផ្ទះសម្បែងព្រោះភ័យខ្លាចទម្ងន់គ្រាប់ផ្លោងរបស់កងទ័ពថៃ។ លើកំណាត់ផ្លូវចម្ងាយជាង១០គីឡូម៉ែត្រពីសមរភូមិសង្គ្រាម មានស្នាមរណ្តៅគ្រាប់ធំៗ ដែលកងទ័ពថៃបានផ្លោងធ្លាក់លើផ្លូវ ហើយក៏មានផ្ទះសម្បែងមួយចំនួនត្រូវខូចខាតព្រោះទម្ងន់គ្រាប់ផ្លោងផងដែរ។
នៅរង្វង់មូលបឹងត្រកួត ដែលជាកន្លែងនៅជិតបំផុតនឹងទីតាំងកងទ័ពខ្មែរកំពុងប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃនោះ មានស្លាកស្នាមគ្រាប់ជាច្រើនបន្សល់នៅ ខ្សែភ្លើងត្រូវបានដាច់រាយប៉ាយលើផ្លូវ ផ្ទះសម្បែងជាច្រើនខ្នងបានបាក់បែក ជាមួយនឹងស្ថានភាពយ៉ាងស្ងាត់ជ្រងុំ។
ក្រៅពីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសាលារៀនបឋមសិក្សាបន្ទាយមានរិទ្ធ ដែលជាទីកន្លែងផ្តល់ការអប់រំ ផ្តល់ចំណេះដឹងដល់កុមារតូចៗរបស់កម្ពុជា ក៏បានរងការបាក់បែកផងដែរ។ អគារសាលារៀន បានរងការបាក់បែកដោយសារកងទ័ពអាកាសថៃ ប្រើយន្តហោះទម្លាក់គ្រាប់ពីលើនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
តាមរយៈទិដ្ឋភាពដែលបានបន្សល់ទុកដ៏សោកសៅក្រោយសង្គ្រាមឈ្លានពានរបស់ថៃ នៅភូមិសាស្ត្របឹងត្រកួនរយៈពេល១២ថ្ងៃនេះ ស្តែងឱ្យឃើញនូវការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ មកលើជនស៊ីវិល និងកុមាររបស់កម្ពុជា។ បណ្តាប្រទេសក្នុងតំបន់ សហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និងបណ្តាមេដឹកនាំប្រទេសនានា មិនគួរបន្តឱបដៃមើលទង្វើរបស់កងទ័ពថៃ រំលោភបំពានធ្ងន់ធ្ងរលើដែនអធិបតេយ្យរបស់កម្ពុជា សិទ្ធិរបស់ជនស៊ីវិល និងកុមារនោះឡើយ៕

You might also like