អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានក្លែងក្លាយចំនួន២១៨ករណីត្រូវបានរកឃើញ បន្ទាប់ពីភាគីថៃបើកការវាយប្រហារជាថ្មីមកលើកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមទេព អស្នារិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា គិតពីថ្ងៃដែលយោធាថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ មកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងបានរកឃើញមានព័ត៌មានក្លែងក្លាយចំនួនប្រមាណ២១៨ករណី បង្កើតឡើងដោយថៃ តាមរយៈការប្រើបច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាពជម្លោះបច្ចុប្បន្នធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា។
នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមទេព អស្នារិទ្ធបានបញ្ជាក់ថា ភាគច្រើន នៃព័ត៌មានក្លែងក្លាយទាំងនោះមានប្រភពចេញមកពីថៃ និងក្រុមអគតិក្រៅប្រទេស ដែលបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។
ឯកឧត្តមបានបន្តថា « ក្រសួងព័ត៌មានបានអនុវត្តវិធានការជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរខេត្តពាក់ព័ន្ធ។ ដូច្នេះ សូមសាធារណជនកុំចែកចាយព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិត ដែលប៉ះពាល់ដល់ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនយើង។ សូមអ្នកប្រើបណ្តាញសង្គមទាំងអស់ ចួលរួមទាំងអស់គ្នា ក្នុងកាលៈទេសៈដែលយើងជួបការលំបាកនេះ និងតទៅមុខ សូមរក្សាសុវត្ថិភាពពលរដ្ឋ និងសហគមន៍យើង កុំបង្ហាញរូបភាពដែលក្រសួងព័ត៌មានបានអំពាវនាវ និងហាមឃាត់មិនឱ្យផ្សាយ/ចែកចាយ ដើម្បីចូលរួមរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ »
ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃក៏បានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។
សូមប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការបង្ការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ពិសេសប្រភពពីក្រៅប្រទេស និងសូមចូលរួម«Report» ផុស និងគណនីដែលផ្សាយព័ត៌មានក្លែងក្លាយ បំពុលសង្គម ដើម្បីរួមចំណែករក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស។ សូមបន្តតាមដានស្ថានការណ៍ពីប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល និងសារព័ត៌មានជាតិ ឯកជនដែលគោរពក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ៕






