សមរភូមិខេត្តបន្ទាយមានជ័យ សន្ធឹកគ្រាប់បន្តលាន់ឮកងរំពង ខូចខាតដោយសារទម្ងន់គ្រាប់ឈ្លានពានរបស់កងទ័ពថៃ

(បន្ទាយមានជ័យ)៖ បើទោះបីសេចក្តីអំពាវនាវពីមេដឹកនាំរបស់ចិន អាមេរិក និងបណ្តាប្រទេសជាច្រើនឱ្យបញ្ចប់សង្គ្រាមយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពឈ្លានពានយ៉ាងកម្រោលលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយមិនញញើតនឹងច្បាប់អន្តរជាតិនោះឡើយ។
នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិខេត្តបន្ទាយមានជ័យ កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពឈ្លានពានបាញ់ផ្លោងកាំភ្លើងធំច្រើនគ្រាប់ចូលមកលើទឹកដីកម្ពុជា។
អ្នកសារព័ត៌មាន បាននិងកំពុងបន្តចុះយកនៅតាមតំបន់សមរភូមិសង្គ្រាម។ នៅថ្ងៃទី២៥ ខែធ្នូ ពួកគេបន្តចុះយកព័ត៌មាននៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅមិនឆ្ងាយនោះឡើយពីសមរភូមិ។ ស្ថិតនៅឃុំស្វាយចេកអ្នកសារព័ត៌មាន បន្តស្តាប់ឮយ៉ាងច្បាស់នូវសំឡេងគ្រាប់កាំភ្លើងធំ បាញ់ផ្លោងចេញពីទឹកដីថៃចូលក្នុងភូមិឋានប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកស្វាយចេក។
អ្នកសារព័ត៌មានរបស់យើង ក៏បានចុះផ្តិតយករូបភាពផ្ទះសម្បែងប្រជាពលរដ្ឋដែលរងការខូច ក៏ដូចជារណ្តៅគ្រាប់ធំៗ ដែលបន្សល់ទុកក្នុងភូមិឋាន និងលើផ្លូវថ្នល់ជាដើម។ នៅក្នុងភូមិនេះ ក្រៅពីបន្សល់រណ្តៅគ្រាប់ធំៗហើយនោះ គេក៏បានឃើញរណ្តៅគ្រាប់គ្រាប់បែកចង្កោមបន្សល់ទុកនៅក្នុងភូមិផងដែរ។
ឃុំស្វាយចេក ដែលធ្លាប់តែប្រជាពលរដ្ឋរស់នៅអ៊ូអរនោះ នៅពេលនេះបានប្រែក្លាយជាស្ងាត់ជ្រងុំ។ ប្រជាពលរដ្ឋបានភៀសខ្លួនចេញពីផ្ទះសម្បែងអស់ហើយ ព្រោះភ័យខ្លាចចំពោះការបាញ់ផ្លោងកាំភ្លើងធំចូលភូមិឋានពីសំណាក់កងទ័ពថៃ៕

You might also like