អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានបណ្ឌិត គុណ ញឹម បន្តនាំយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយ កដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានបន្តនាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងសមរភូមិទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្ត ពោធិ៍សាត់។
ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តនៅទីតាំង ៣ កន្លែងនៃខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងវីរកងទ័ពកម្ពុជាតាមគោលដៅនីមួយៗ។
ក្នុងពេលប្រគល់អំណោយនោះ លោកបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់វីរកងទ័ពទាំងអស់។
លោកបណ្ឌិត គុណ ញឹម ក៏បានថ្លែងនូវការគោរពដឹងគុណចំពោះយុទ្ធជនទាំងអស់របស់កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាព ទឹកដី ប្រឆាំងនឹងអំពើឈ្លានពានដ៏ឃោរឃៅរបស់ប្រទេសថៃ មកលើកម្ពុជា។
លោកបណ្ឌិត បានលើកឡើងថា សង្រ្គាមរយៈពេល ២១ ថ្ងៃនេះ កងទ័ពកម្ពុជាបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្រាញននៀល ប្រឆាំងនឹងកងទ័ពសៀមដែលបានបើកការវាយប្រហារយ៉ាងសន្ធាប់ដោយមិនរើសអើងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងបានបំផ្លិចបំផ្លាញប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ថ្វីត្បិតពេលនេះ ការប្រយុទ្ធគ្នា មានភាពស្ងប់ស្ងាត់ ដែលជាលទ្ធផល នៃការចរចាបទឈប់ បាញ់ ប៉ុន្តែវីរកងទ័ពកម្ពុជា ក៏នៅតែបន្តឈរជើងយ៉ាងអង់អាច ប្រកបដោយ ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ ជានិច្ច ដែលតម្រូវឱ្យយើងទាំងអស់គ្នានៅសមរភូមិក្រោយត្រូវតែបន្តរួមគ្នាគាំទ្រនិងឧបត្ថម្ភ ទាំង សម្ភារ និងស្មារតី។ ការនាំយកអំណោយមកនេះ បញ្ជាក់ពីស្មារតីគាំទ្រ និងការផ្សារភ្ជាប់គ្នាជានិច្ចរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ហើយឆ្លុះបញ្ចាំងពីសាមគ្គីភាពខ្មែរតែមួយដើម្បីប្រយុទ្ធប្រឆាំងសត្រូវឈ្លានពាន ការពារបូរណភាព ទឹកដី និងរក្សាសុខសន្តិភាព ជូនជាតិនិងប្រជាពលរដ្ឋរបស់យើង។
ជាការឆ្លើយតប តំណាងវីរកងទ័ព ក៏បានថ្លែងអំណរគុណ ជូនដល់លោកបណ្ឌិត និងសមាជិកសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់ ដែលតែងតែចុះមកជួយឧបត្ថម្ភគាំទ្រជាប្រចាំ ដល់កម្លាំង ជួរមុខដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន ហើយប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការតស៊ូ ការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ជាដាច់ខាត ក្រោមការដឹកនាំដ៏វៃឆ្លាតនិងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
អំណោយ សម្រាប់ប្រគល់ជូនវីរកងទ័ព នាឱកាសនេះ រួមមាន៖ ឧបករណ៍ផ្ទុកអគ្គិសនី និងបន្ទះសូឡាសម្រាប់សាកថ្ម ៤៤ ឈុត, ម៉ាសការពារផ្សែងពុល ២០០០ ឈុត, តម្រងបន្ថែមសម្រាប់ប្ដូរម៉ាសការពារផ្សែងពុល ៤ កេស ស្មើ ៥០០ គូ, អង្ករ ១២ តោន,ទឹកសុទ្ធ ៨០០ កេស, កញ្ចប់ Kits ចំនួន ២៨០០ កញ្ចប់ (ក្នុង Kits នីមួយៗ មាន នំទាហាន ៥ កញ្ចប់, មី ១០ កញ្ចប់, ត្រីងៀតចម្អិនរួច ១ កន្ទុយ, សាច់ក្រកចម្អិនរួច ៥ ដុំ, ត្រីខ ២ កំប៉ុង, បាយក្ដាំង ២ កញ្ចប់, អំបុក ២ ដប, ពងទាប្រៃ ៤ គ្រាប់, គ្រាប់ចន្ទី ២00 ក្រាម, ទឹកដោះគោស្រស់ ១ យួរ ស្មើ ៤ ប្រអប់តូច, ទឹកដោះគោខាប់ ២ កំប៉ុង, ទឹកក្រូច ៣ កំប៉ុង, បារី ១០ កញ្ចប់, ថ្នាំ Vitamin Berocca ១ ទីប, ថ្នាំបំបាត់ការឈឺចាប់ ២ បន្ទះ, កាហ្វេ ១០ កញ្ចប់, ស្ករចាហួយ ២ កញ្ចប់តូច) និងថវិកា ៤០ លានរៀល។ ក្រៅពីនេះ ក៏មានការប្រគល់នូវរថយន្តចំនួន ៧ គ្រឿង និងទោចក្រយានយន្ត ចំនួន ៧ គ្រឿង ដល់យោធភូមិភាគទី៥ ដែលមានអង្គភាពកងទ័ពប្រចាំសមរភូមិទិសខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យផងដែរ ។

បន្ថែមលើការប្រគល់អំណោយដោយផ្ទាល់ជូនវីរកងទ័ព បណ្ឌិត គុណ ញឹម ក្នុងនាមសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយ កដ្ឋាន គយនិងរដ្ឋាករកម្ពុជាក៏បានប្រគល់អំណោយមួយចំនួនជូនលោក ឈន វ៉ាន់ឌី ដែលជាសកម្មជនស្ម័គ្រចិត្តក្នុងការដឹកជញ្ជូនស្បៀងនិងសម្ភារនានាទៅចែកជូនវីរកងទ័ពជួរមុខ ដល់ទីតាំង កៀកជិតនឹងសមរភូមិប្រយុទ្ធតែម្តង។ អំណោយទាំងនោះ រួមមាន៖ មី ១០០ កេស, ទឹកសុទ្ធ ១០០ កេស, អង្ករ ៥០០ គីឡូក្រាម, កញ្ចប់ Kits ចំនួន ១០០ កញ្ចប់ និងថវិកា ៤ លានរៀល។
គួរបញ្ជាក់ថា កន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់បាន យកអំណោយ ជាគ្រឿង ឧបភោគបរិភោគនិងសម្ភារនានា ជូនដល់វីរកងទ័ពជួរមុខកម្ពុជា ក៏ដូចជាជូនដល់ប្រជាពលរដ្ឋភៀសសឹកជាច្រើនលើករួចមកហើយ ចាប់តាំងពីមានភាពតានតឹង និងការប៉ះទង្គិចគ្នាជាមួយយោធាសៀម។លើសពីនេះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សមាគមក៏បាននាំយករថយន្តចំនួន១៥គ្រឿង និង ទោចក្រ យានយន្ត ចំនួន ២១ គ្រឿង ប្រគល់ជូនអង្គភាពកងទ័ពប្រចាំសមរភូមិទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរ។ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្តេជ្ញាបន្តនាំយកនូវអំណោយដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ជាបន្តបន្ទាប់ ទៀតនាពេលខាងមុខ៕

You might also like