ឯកឧត្តម គួច វេងស្រ៊ុន អំពាវនាវបញ្ឈប់ជាបន្ទាន់នៅការចែកចាយបន្តរូបភាពរបស់វីរកងទ័ព
ឯកឧត្តម គួច វេងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ពលីកម្មរបស់វីរកងទ័ពយេីង គឺបានស្ថិតក្នុងចិត្ត បេះដូង និងការចងចាំរបស់យេីងរួចហេីយ សូមមេត្តាកុំយកមកចែកចាយបន្ត នាំរំខានវិញាណក្ខន្ធគាត់ និងគ្រួសារ។
តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី១ ខែមករានេះ ឯកឧត្តម គួច វេងស្រ៊ុន បានអំពាវនាវបងប្អូនទាំងអស់ បញ្ឈប់ជាបន្ទាន់នៅការចែកចាយបន្តរូបភាពរបស់វីរកងទ័ពយេីង ទិដ្ឋភាពខ្លះ គឺមិនសមនឹងត្រូវផ្សាយផង នេះជាសោកនាដកម្មនៃសង្គ្រាម ខាងយេីងផង ខាងគេផង។ សូមមេត្តាផ្តល់ការគោរពដល់ពលីកម្មរបស់វីរកងទ័ព គោរពដល់ក្រុមគ្រួសារ ដែលកំពុងរងការឈឺចាប់ខ្លោចផ្សារក្នុងចិត្តចំពោះការបាត់បង់សមាជិកគ្រួសារ តែពួកគាត់ក៏កំពុងទទួលបានក្តីសណ្តោស អាណិតស្រលាញ់ និងគោរពស្ងប់ស្ងែងនៃវីរភាពនៃការលះបង់ដេីម្បីបុព្វហេតុជូនជាតិ និងមាតុភូមិយេីង។
ជាមួយគ្នានេះ សូមបងប្អូនខ្លះ ដែលជាអ្នករកស៉ីដោយប្រេីប្រាស់បណ្តាញសង្គម (MMO) បញ្ឈប់ជាបន្ទាន់នៃមាតិកានេះ ព្រោះវាអាចចំណេញដល់មាតិកាអ្នក តែវាជាកាតាលីករនៃការបំផ្លាញទឹកចិត្តគ្រួសារវីរកងទ័ព ពិសេសមិនគោរពដល់វិញាណក្ខន្វពួកគាត់ផងដែរ។ សូមជ្រេីសរេីសការផលិតមាតិកាផ្សេង ដេីម្បីរួមចំណែកជាមួយវីរកងទ័ព និងរាជរដ្ឋាភិបាលក្នុងដំណាក់កាលដ៏លំបាកនេះ។ បច្ចុប្បន្នយេីងមានត្រឹមតែបទឈប់បាញ់ប៉ុណ្ណោះ ស្ថានភាពនៅផុយស្រួយ ដែលទាមទារឱ្យយេីងទាំងអស់គ្នាត្រូវបន្តចូលរួម សហការ និងចែករំលែកតែអ្វីដែលផលវិជ្ជមានជូនជាតិ ពិសេសវីរកងទ័ពយេីង។
សូមមេត្តាចែករំលែកបន្ត ហេីយស្នេីសុំចិត្តចូលរួមអនុវត្តផង។






