លោកមេធាវី សុក សំអឿន បង្ហាញពីយន្តការដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ
តាមរយៈហ្វេសប៊ុក (Attonrney Sok Sam Oeurn) របស់ខ្លួន លោក សុក សំអឿន មេធាវី និងជាអ្នកជំនាញច្បាប់ដ៏មានបទពិសោធន៍ម្នាក់នៅកម្ពុជា បានចែករំលែកចំណេះដឹងអំពីយន្តការដាក់ពាក់បណ្តឹងទាមទារសំណងពីការខូចខាតដោយសារសង្គ្រាម។
លោកសរសេរបញ្ជាក់ថា ជាការបញ្ជេញមតិក្នុងនាមជាអ្នកច្បាប់ម្នាក់។ សូមអានសំណេរទាំងស្រុងរបស់លោកមេធាវី សុក សំអឿន ដូចខាងក្រោម៖
មានអ្នកកាសែតសួរខ្ញុំថា តើកម្ពុជាអាចប្តឹងទាមទារសំណង ដែលថៃបានធ្វើឱ្យខូចខាត ដោយសង្រ្គាមប៉ុន្មានថ្ងៃកន្លងមកបានដែរឬទេ?
ដើម្បីដាក់ពាក្យបណ្តឹងទាមទារសំណងពីការខូចខាតដោយសារសង្រ្គាម គឺប្រទេសដែលត្រូវគេឈ្លានពានអាចផ្ញើរកំណត់ការទូត ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង អគ្គលេខាធិការអង្គការសហប្រជាជាតិ។ កំណត់ការទូតទាំងនេះត្រូវចែងពីការខូចខាត និង ទំហំនៃការខូចខាត និង ភស្តុតាងដែលបង្ហាញថាប្រទេសម្ខាងទៀតជាអ្នកឈ្លានពាន និង តើការឈ្លានពាននោះអាចនឹងបង្ករគ្រោះថ្នាក់ដល់សន្តិភាព និង សន្តិសុខអន្តរជាតិផង។
បន្ទាប់មកគឺស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យដាក់បញ្ចូលបញ្ហារបស់យើងទៅក្នុងរបៀបវារៈប្រជុំរបស់ក្រុមប្រឹក្សា និង សុំឱ្យក្រុមប្រឹក្សាសម្រេចលើបណ្តឹងរបស់យើង។ ត្រូវភ្ជាប់ជាមួយនូវរាល់ភស្តុតាង គាំទ្របណ្តឹង និង ភ្ជាប់ទៅនឹងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។
ក្នុងករណីកាលបើថៃបានរំលោភលើទឹកដីខ្មែរ ប្រហែលជាត្រូវដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រសិនបើ ថៃ មិនព្រមគោរព និង ប្រើ យន្តការគណកម្មការដោះស្រាយវិវាទព្រំដែន ដែលធ្លាប់បានបង្កើតឡើងរវាងថៃ និង កម្ពុជានោះទេ។
សរុបសេចក្តី មកកម្ពុជាត្រូវតែប្រមូលភស្តុតាងពាក់ព័ន្ធនឹងការខូចខាត និង ភស្តុតាងនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា។
ចំពោះសំណួរដែលសួរថាតើយើងមានសង្ឃឹមឈ្នះគេយ៉ាងណានោះ បើតាមស្តាប់តាមពត៌មានដែលទទួលបានគឺគួរតែអាចទាមទារបាន ក៏ប៉ុន្តែ ទោះជាយ៉ាងណាគឺអាស្រ័យទៅលើភស្តុតាងដែលយើងមាន។ ដូចដែលខ្ញុំធ្លាប់បានលើកឡើង ក្នុងពេលមានសង្រ្គាម កម្ពុជាគួរតែមានក្រុមព័ត៌មានរបស់កងទ័ពដើម្បីថតរូប ថតវិឌីអូក្នុងពេលសង្រ្គាម ដើម្បីងាយនឹងប្រើជាភស្តុតាងក្រោយចប់សង្រ្គាម។
មតិអ្នកច្បាប់ម្នាក់






