បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចាប់ផ្តើមវិលចូលលំនៅដ្ឋានវិញ
(ព្រះវិហារ)៖ ក្រោយស្ថានភាពសង្គ្រាមតាមព្រំដែន មានសភាពធូរស្រាល នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចាប់ផ្ដើមវិលត្រឡប់ ទៅលំនៅដ្ឋានវិញជាបណ្ដើរៗហើយ។
លោកស្រី ប៉ុក ឃីម ជាអាជីវករម្នាក់រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត បានរៀបរាប់ពីព្រឹត្តិការណ៍ផ្ទុះអាវុធចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និងពេលដែលវិលត្រឡប់មកផ្ទះវិញ ក្រោយមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ក៏ដូចជាក្រោយពេលដែលវីរៈកងទ័ពកម្ពុជាទាំង១៨រូប ត្រូវបានបញ្ជូនមកមាតុភូមិវិញ។
បើតាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, គិតមកត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹកជាង៥,០០០គ្រួសារហើយ បានវិលត្រឡប់ពីទីតាំងស្នាក់នៅ បណ្ដោះអាសន្ន ដើម្បីទៅលំនៅឋានដើមវិញ បន្ទាប់ពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានសភាពស្ងាត់ស្ងាត់ និងមានសុវត្ថិភាពឡើងវិញ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋភៀសសឹក ដែលបានវិលត្រឡប់ទៅដល់លំនៅដ្ឋានវិញ សរុបចំនួន៥,១៤៧ គ្រួសារ (ស្មើនឹង១៤,៨៧៣នាក់ ក្នុងនោះស្រី៧,៣១៧នាក់) ស្មើនឹងប្រមាណ៣១% នៃចំនួនប្រជាពលរដ្ឋភៀសសឹកសរុបចំនួន១៦,៤២០គ្រួសារ។
បើតាមលោក គីម រិទ្ធិ, ជាយ៉ាងណាក៏ដោយ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រឈមហានិភ័យខ្ពស់មួយចំនួន នៅតែបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព និងទីតាំងសុវត្ថិភាពនានានៅឡើយ ដើម្បីតាមដានសភាពការណ៍បន្ថែម។






