ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចូលរួមចែកអំណោយជំនួយរបស់រដ្ឋាភិបាលចិន ជូនជនភៀសសឹកជាង ១,០០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ

កឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីចែកអំណោយរបស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ពិធីចែកអំណោយនេះ មានការចូលរួមពី ថ្នាក់ដឹកនាំ គ.ជ.គ.ម, ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត, អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជូនជំនួយមកកម្ពុជា ដែលនេះជាការរួមចំណែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តចិនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។
ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦

You might also like