ស្រាវជ្រាវរកឃើញយុវតី៣នាក់ ដែលបានចាកចេញពីផ្ទះជាច្រើនថ្ងៃ នាំយកមកអប់រំ និងបានប្រគល់ទៅឲ្យអាណាព្យាបាល

(ស្ទឹងត្រែង)៖ សិស្សស្រីវ័យក្មេង៣នាក់ ដែលបានគេចសាលា និងចាកចេញចោលផ្ទះអស់រយៈជាច្រើនថ្ងៃ សង្ស័យទៅពួនសម្ងំប្រមូលផ្តុំគ្នាជក់វ៉ែប (បារីអឡិចត្រូនិច) នៅក្រៅដែនដីក្រុងនោះ នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ បានរកឃើញវិញហើយ ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារឪពុកម្តាយពួកគេ កាលពីថ្ងៃទី២៩ ខែធ្នូ និងបានចុះស្រាវជ្រាវរកទីតាំងលាក់ខ្លួនរបស់ពួកគេរួចមក។
ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មន្ត្រីជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋាន ចុះស្រាវជ្រាវ និងបានរកឃើញ ព្រមទាំងបាននាំយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការអប់រំ ណែនាំ និងបានធ្វើកិច្ចសន្យា ប្រគល់ទៅឲ្យឪពុកម្តាយ អាណាព្យាបាលវិញហើយ នាថ្ងៃទី២មករា២០២៦នេះ។
សិស្សសាលាស្រីទាំង ៣នាក់ ត្រូវគេដឹងថា បានបាត់ខ្លួនពីផ្ទះតាំងពីចុងខែធ្នូ២០២៥ ហើយត្រូវបានកម្លាំងអាវុធហត្ថខេត្ត រកឃើញនៅល្ងាចថ្ងៃទី១ មករា ២០២៦ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ការបាត់ខ្លួនពីផ្ទះរបស់សិស្សស្រីទាំង៣នាក់ អាចបណ្តាលមកពីខឹងនឹងឪពុកម្តាយណែនាំ ស្តីបន្ទោសឲ្យបន្តិចបន្តួច បន្ទាប់ពីគួកគាត់បានទទួលដំណឹងពី គណៈគ្រប់គ្រងសាលាមកថា យុវតីទាំង ៣នាក់នេះ បានគេចវេះមិនចូលរៀននោះទេ។
សិស្សស្រីគេចសាលា និងចាកចោលផ្ទះទាំង ៣នាក់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរកឃើញ និងបានប្រគល់ឲ្យក្រុមគ្រួសារវិញនោះ គឺ ១-ឈ្មោះ ស៊ីល ពិសី អាយុ ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី ៨ “គ” នៃអនុវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង, ២-ឈ្មោះ លី រស្មី អាយុ ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី ៩ “គ” នៃអនុវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង និង៣-ឈ្មោះ សាន រស្មី អាយុ ១៤ឆ្នាំ (អតីតសិស្សថ្នាក់ទី ៧ នៃអនុវិទ្យាល័យ ហ៊ុន សែនស្ទឹងត្រែង)។
ចំពោះការរកឃើញ សិស្សសាលាស្រីទាំង ៣នាក់ ក្នុងគ្រាដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងលាក់ខ្លួន ដោយសង្កេតឃើញ ពីសកម្មភាពរបស់ពួកគេ កំពុងស្ថិតក្នុងការប្រមូលផ្តុំគ្នាជក់វ៉ែប (បារីអេឡិចត្រូនិច) ដែលជាសារជាតិត្រូវបានហាមឃាត់។
នៅថ្ងៃទី២ មករា ២០២៦នេះ ក្រោយការអប់រំ ណែនាំ និងការធ្វើកិច្ចសន្យារួច សិស្សស្រីគេចសាលា និងចាកចោលផ្ទះទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បានប្រគល់ទៅអាណាព្យាបាលរៀងៗខ្លួនវិញហើយ ដើម្បីនាំយកទៅអប់រំ ណែនាំបន្ថែមនៅឯតាមផ្ទះ៕

You might also like