ឯកឧត្តម ស៊ិន វិសិទ្ធ ដឹកនាំក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ចុះពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់ ក្នុងភូមិសាស្ត្រខេត្តរតនគិរី
នាថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ដើម្បីចុះពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់ស្ថិតនៅតាមដងទន្លេស្រែពក ក្នុងភូមិសាស្ត្រភូមិដីឡូត៍ ឃុំជ័យឧត្តម ខេត្តរតនគិរី ដោយមានការចូលរួមពីតំណាងក្រសួងនិងមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពល មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរសាធារណការ និងដឹកជញ្ជូន រដ្ឋបាលស្រុកលំផាត់ រដ្ឋបាលឃុំជ័យឧត្តម ម្ចាស់សហគ្រាសបូមខ្សាច់ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលខាធិការ បានជួបប្រជុំជាមួយក្រុមការងារ និងអ្នកពាក់ព័ន្ធ ដើម្បីជម្រាបជូនអំពីបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស និងអត្ថប្រយោជន៍នៃការធ្វើអាជីវកម្មបូមខ្សាច់ និងដើម្បីធ្វើការផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុន សហគ្រាស និងនីតិបុគ្គលដែលធ្វើអាជីវកម្មខ្សាច់ឱ្យយល់កាន់តែច្បាស់ និងអនុវត្តតាម ដើម្បីកាត់បន្ថយជាអតិបរមាផលប៉ះពាល់ដែលបណ្តាលមកពីការបូមខ្សាច់មិនគោរពតាមបទដ្ឋានបច្ចេកទេស។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានចុះពិនិត្យផ្ទាល់ដល់ទីតាំងធ្វើអាជីវកម្មបូមខ្សាច់ ទីតាំងស្តុករក្សាទុកខ្សាច់ និងការគ្រប់គ្រងខ្សាច់ផងដែរ៕






