មនុស្សមួយចំនួនបានស្លាប់ និងរបួសនៅប្រទេសថៃ ក្នុងគ្រោះថ្នាក់បាក់ដងស្ទូចមួយករណីទៀតហើយ

នគរបាលបាននិយាយថា ឧបករណ៍ស្ទូចមួយដើម បានបាក់នៅក្នុងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (១៥ មករា) នេះ ដោយបានកម្ទេចរថយន្ត ២គ្រឿង និងសម្លាប់មនុស្ស ២នាក់ នៅក្នុងករណីថ្មីមួយទៀត រយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រោះថ្នាក់ឧបករណ៍ស្ទូចដាច់ដោយឡែកមួយនៅភាគឦសាន ដែលបានសម្លាប់អ្នកដំណើររថភ្លើងចំនួន ៣២នាក់។
ហេតុការណ៍ចុងក្រោយនេះកើតឡើងក្នុងខេត្ត សាមុតសាខន (Samut Sakhon) ជិតរដ្ឋធានីបាងកក ជាទីដែលដងស្ទូចមួយដើម ដែលពាក់ព័ន្ធនឹងការសាងសង់ផ្លូវអាកាសហាយវេ បានបាក់ធ្លាក់ទៅលើផ្លូវនៅខាងក្រោម នេះបើតាមលោក Sitthiporn Kasi អធិការនគរបាលស្រុក និងត្រូវបានរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។ មន្ត្រីនគរបាលមូលដ្ឋានម្នាក់ទៀតបានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្ស ៥នាក់ បានរងរបួសក្នុងគ្រោះថ្នាក់នេះ ខណៈមូលហេតុនៅមិនទាន់ដឹងភ្លាមៗនោះទេ។
ឧបទ្ទវហេតុនេះគឺជាគ្រោះថ្នាក់ចុងក្រោយបង្អស់ ក្នុងចំណោមគ្រោះថ្នាក់ដ៏កាចសាហាវជាបន្តបន្ទាប់ ដែលបង្កឡើងដោយគម្រោងសាងសង់ក្នុងប្រទេសថៃ ហើយក៏បានកើតឡើងបន្ទាប់ពីសោកនាដកម្មកាលពីថ្ងៃពុធ ដោយរថភ្លើងមួយគ្រឿងធ្លាក់ចេញពីផ្លូវនៅខេត្ត នគររាជសីមា ភាគឦសាន ដោយសារដងស្ទូចរលំសង្កត់ស្រដៀងគ្នានេះ ដែលពាក់ព័ន្ធនឹងគម្រោងផ្លូវរថភ្លើងល្បឿនលឿន។
មន្រ្តីអាជ្ញាធរថៃ បាននិយាយថា នៅក្នុងគ្រោះថ្នាក់កាលពីថ្ងៃពុធនោះ មានអ្នកស្លាប់ចំនួន ៣២នាក់ និងអ្នកដំណើរលើសពី ៦០នាក់ ក្នុងចំណោមអ្នកដំណើរសរុប ១៩៥នាក់ នៅលើរថភ្លើង បានរងរបួស ហើយការស៊ើបអង្កេតកំពុងបន្តនៅឡើយ៕

You might also like