បង្ក្រាបមេខ្យល់ម្នាក់ បម្រុងនាំពលករ ៥នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ កម្លាំងនគរបាលស្រុកសំពៅលូន បានបើកប្រតិបត្តិការបង្ក្រាបករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់មួយករណី កាលពីទៀបភ្លឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ នៅលើដងផ្លូវជាតិលេខ ៥៩A ក្នុងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ឃាត់ខ្លួនមេខ្យល់ម្នាក់៖ ឈ្មោះ សាវី បូរ៉ា (ហៅបង) ភេទប្រុស អាយុ ២៤ឆ្នាំ ជាតៃកុងឡាន (ចំណែកបក្សពួកម្នាក់ទៀតកំពុងគេចខ្លួន)។
ឃាត់ខ្លួនពលករ ០៥នាក់៖ (ស្រី ០៣នាក់) ដែលបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។
ដកហូតវត្ថុតាង៖ រថយន្តកាំម៉ារី (Camry) ស៊េរីឆ្នាំ៩៥ ពណ៌ខៀវចាស់ ផ្លាកលេខ សៀមរាប 2A-5539 ចំនួន ០១គ្រឿង។ តាមការសាកសួរ ជនសង្ស័យបានយកកម្រៃពីពលករក្នុងម្នាក់ៗចំនួន ១,០០០បាត (៥០០បាតថ្លៃឡាន និង ៥០០បាតថ្លៃនាំដើរឆ្លងអូរព្រំដែន) ដើម្បីនាំពួកគេចូលទៅដីថៃ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកពលករទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យខាតបង់ថវិកា និងប្រឈមគ្រោះថ្នាក់ផ្សេងៗតាមព្រំដែន ៕






