ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖ ការចាប់ខ្លួនលោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

“ការចាប់ខ្លួនលោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសដៃគូក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមទៀតថា៖ “កម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយប្រទេសជាច្រើនមានដូចជា សហរដ្ឋអាម៉េរិក ចិន សាធារណរដ្ឋកូរ៉េ និងប្រទេសជិតខាងមានដូចជា វៀតណាម និងថៃ ជាដើម ហើយការចាប់ខ្លួនលោក លោក ចេន ហ្ស៊ី គឺជាលទ្ធផលនៃការស៊ើបអង្កេតដ៏យូរមួយ”។

បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា៖ “លោក ចេន ហ្ស៊ី មានសញ្ជាតិកម្ពុជា ប៉ុន្តែនៅពេលដែលយើងធ្វើការស៊ើបអង្កេត សញ្ជាតិរបស់គាត់មិនត្រូវបានទទួលបានដោយស្របច្បាប់នោះទេ ហើយគាត់ក៏ជាជនជាតិចិនផងដែរ ដូច្នេះយើងបានសម្រេចចិត្តធ្វើបត្យាប័នគាត់ទៅប្រទេសចិន»។

សូមរម្លឹកថា ព្រះករុណាព្រះមហាក្សត្រ បានត្រាស់បង្គាប់ដកសញ្ជាតិខ្មែរពីលោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២៥ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ និងបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន។

You might also like