ទេសចរអន្តរជាតិអះអាងថា ភ្នំពេញពិតជាទីកន្លែងល្អបំផុត សម្រាប់ទេសចរមកទស្សនា ឈ្វេងយល់

បណ្តាភ្ញៀវទេសចរអន្តរជាតិបាននាំគ្នាអះអាងថា រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា គឺពិតជាគោលដៅទេសចរណ៍ល្អស្អាត និងមានភាពទាក់ទាញខ្លាំងបំផុត ហើយវាពិតដូចការផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិ BBC ដែលបានដាក់ចំណាត់ថ្នាក់ រាជធានីភ្នំពេញ ជាទីកន្លែងមួយ នៅក្នុងចំណោមទីកន្លែងទាំង២០ នៅលើពិភពលោកដែលអោយដើរកម្សាន្តនៅក្នុងឆ្នាំ២០២៦។
បើតាមទេសចរអន្តរជាតិមកពីអង់គ្លេស អាមេរិច និងបណ្តាប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ខែមករានេះ ថា ប្រទេសកម្ពុជា មានគោលដៅទេសចរណ៍ល្អប្រណិតច្រើនកន្លែងណាស់ ក្នុងនោះអំឡុងពេលស្នាក់នៅដើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញ គឺគ្រប់គោលដៅដែលបានដើរកម្សាន្តទាំងអស់ មានទាក់ទាញខ្លាំង ពលរដ្ឋផ្តល់ញញឹមរាក់ទាក់ ម្ហូបអាហារឆ្ងាញ់ ហើយតាមគោលដៅទេសចរណ៍មាន ព្រះបរមរាជវំាង ផ្សាររាត្រី សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងជើងឯកជាដើម គឺពិតផ្តល់នូវចំណេះដឹងល្អៗ ហើយតាមរយៈការទទួលបទពិសោធន៍នេះ ភ្ញៀវអន្តរជាតិនានានោះក៏បានផ្តល់ពិន្ទុល្អជាងBBCផ្សាយ ហើយភ្ញៀវក៏អំពាវនាវទេសចរអន្តរជាតិនានានាំគ្នាមកទស្សនាកម្ពុជា។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់គោលដៅទេសចរណ៍រាជធានីភ្នំពេញ ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនរៀបចំផែនការស្នាក់នៅដើរកម្សាន្តរយៈពេល២ទៅ៣ថ្ងៃ ដើម្បីអញ្ជើញទៅព្រះបរមរាជវាំង វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្មើជើងចតុមុខ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជិះទូកកម្សាន្តពេលរាត្រី ការដើរទស្សនាតាមផ្សារ និងមើលប្រពៃណីការរស់នៅរបស់ប្រជាជននៅក្នុងរាជធានីជាដើម។
លោក បន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ គឺកំពុងគិតគូររៀបចំគោលដៅទេសចរណ៍ កន្លែងដើរកម្សាន្ត ផ្លូវថ្មើរជើងច្រើនកន្លែងទៀត សំដៅធ្វើយ៉ាងណាទាក់ទាក់ភ្ញៀវទេសចរអន្តរជាតិនានា ដើរកម្សាន្ត ស្នាក់នៅរាជធានីភ្នំពេញ បានយូរថ្ងៃបន្ថែមទៀតផងដែរ៕

You might also like