រដ្ឋបាលខេត្តកោះកុង បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញលើការងារទាំងឡាយរបស់រដ្ឋបាលខេត្តដែលបាន អនុវត្តក្នុងឆ្នាំ២០២៥ និងដើម្បីប្រមូលធាតុចូលសំខាន់ៗទុកជាមូលដ្ឋានបន្ថែមក្នុងការដាក់ចេញនូវទិសដៅការងារ សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៦នេះ ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។

អភិបាលខេត្តកោះកុង បានបន្តថា ក្នុងដំណើរការសន្និបាតរបស់រដ្ឋបាលនាពេលនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល មួយថ្ងៃកន្លះ គឺនៅថ្ងៃទី១៦នេះ យើងរៀបចំពេញមួយថ្ងៃតែម្តង និងសម្រាប់ថ្ងៃទី១៧ យើងនឹងរៀបចំតែមួយព្រឹក គឺពិធី «បិទសន្និបាតបូកសរុប លទ្ធការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

លោកជំទាវ ពន្យល់ដែរថា លទ្ធផលការងារដែលយើងសម្រេចបានកន្លងមក ពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែងរួម ចំណែកពីសំណាក់បងប្អូនជាមន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់បានឡើយ ជាពិសេសថ្នាក់ដឹកនាំ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត៕

You might also like