សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយគ្រឿងរណ្ដាប់បូជានៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព នៅខេត្តសៀមរាប ដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព និងការរីកចម្រើនជូនជាតិមាតុភូមិជានិច្ចនិរន្តរ៍
ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីអង្គរខេត្តសៀមរាប, នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយទៀន ធូប ផ្កាភ្ញី និងគ្រឿងរណ្ដាប់បូជានៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។
ក្នុងឱកាសនៃពិធីបួងសួងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសកុសលជូនដល់វីរយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងបួងសួងចំពោះព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ដល់ដូនតាបុព្វបុរសខ្មែរ មេទ័ពខ្មែរ ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីបន្សល់ទុកឱ្យកូនចៅរហូតមកដល់បច្ចុប្បន្ន ហើយសូមដួងព្រលឹងដូនតាខ្មែរ បន្ដអភិបាលគ្រងរក្សាមាតុភូមិកម្ពុជាទៅមុខទៀតឱ្យបានសុខសប្បាយ រីកចម្រើនជារៀងដរាប។
ក្នុងឱកាសបួងសួងនាថ្ងៃនេះ សូមបារមីព្រះអង្គចេកព្រះអង្គចម និងលោកយាយទេព ព្រមទាំងទស្សបរមី វត្ថុស័ក្តិសិទ្ធិ ឬទ្ធិបារមីនៃព្រះសម្មាសម្ពុទ្ធគ្រប់ៗព្រះអង្គ សូមប្រសិទ្ធពរជ័យ តាមជួយបីបាច់គ្រងរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស សូមជួបប្រទះតែនឹង ព្រះពុទ្ធមង្គលពរ ៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






