លោក ឃួង ស្រេង ៖ អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា លើកលែងតែបងប្អូនលក់តាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលតម្រូវឲ្យទៅលក់នៅផ្សារដើមគថ្មី
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ លោក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ សម្រាប់បម្រេីប្រយោជន៍សាធារណៈជារួម។
ទន្ទឹមនឹងនេះ អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធបន្តសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារដេីមគថ្មី ដោយទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រេីនរួមមាន៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានថ្លែងថា «អ្នកអាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរពីផ្សារដើមគចាស់ ទៅផ្សារដើមគថ្មីទេ អ្វីដែលជាគោលការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករលក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ»។
ក្នុងខណៈនោះដែរ អភិបាលរាជធានីភ្នំពេញ ថែមទាំងបានគូសបញ្ជាក់ថា សម្រាប់អ្នកលក់ដូរនៅក្នុងផ្សារដើមគ កុំព្រួយបារម្ភ នៅបន្តការលក់ដូររបស់ខ្លួនដដែលទេ អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ ចំពោះតែអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅជុំវិញផ្សារដើមគតែប៉ុណ្ណោះ។






