មនុស្ស ២១ នាក់បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងល្បឿនលឿន
ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់២១ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នារវាងរថភ្លើងល្បឿនលឿនពីរគ្រឿងនៅភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីល្ងាចថ្ងៃអាទិត្យ។
ប្រតិបត្តិករបណ្តាញផ្លូវដែក Adif បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅជិតទីប្រជុំជនAdamuz ក្បែរទីក្រុង Cordoba នៅពេលរថភ្លើងល្បឿនលឿនមួយខ្សែដែលធ្វើដំណើរពីទីក្រុង Malaga ទៅកាន់ទីក្រុង Madrid បានធ្លាក់ផ្លូវ ហើយបុកនឹងផ្លូវរថភ្លើងនៅជិតនោះ។
រថភ្លើងទីពីរដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ពីទីក្រុង Madrid ទៅកាន់ទីក្រុង Huelva ក៏បានធ្លាក់ផ្លូវផងដែរ។
សេវាសង្គ្រោះបន្ទាន់ Andalusia បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧៣ នាក់បានរងរបួសធ្ងន់ ខណៈក្រុមជួយសង្គ្រោះបន្តយកមនុស្សជាប់នៅក្នុងទូរថភ្លើងដែលធ្លាក់ផ្លូវ។
យោងតាមប្រតិបត្តិករបណ្តាញផ្លូវដែក Adif ដដែល គ្រោះថ្នាក់នេះបានកើតឡើងប្រហែល១០នាទីបន្ទាប់ពីរថភ្លើងចាកចេញពីទីក្រុង Malaga នៅម៉ោង ១៨:៤០នាទីម៉ោងក្នុងស្រុក ។ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនកំពុងរៀបចំកន្លែងសម្រាប់សាច់ញាតិរបស់ជនរងគ្រោះនៅស្ថានីយ៍ Atocha, Sevilla, Córdoba, Málaga និង Huelva៕






