អភិបាលក្រុងសំរោង ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ៣គ្រួសារ
ឧត្ដរមានជ័យ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង (គ.គ.ម.ស) រួមដំណើរដោយ លោកស្រី ហេង សុជាតិ អភិបាលរងក្រុង លោកប្រធាន-អនុប្រធានក្រុមការងារចុះជួយសង្កាត់ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ៣ខ្នង ក្នុងសង្កាត់កូនគ្រៀល និងសង្កាត់សំរោង។
គ្រួសាររងគ្រោះទាំង ០៣ រួមមាន គ្រួសាររងគ្រោះនៅ ភូមិផ្អុង សង្កាត់កូនគ្រៀល គ្រួសាររងគ្រោះនៅ ភូមិគោកអំពិល សង្កាត់កូនគ្រៀល គ្រួសាររងគ្រោះនៅ ភូមិគោករំដួល សង្កាត់សំរោង។
ក្នុងឱកាសនោះ លោកអភិបាលក្រុង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការសោកស្តាយយ៉ាងខ្លាំងពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ចំពោះឧប្បត្តិហេតុដែលបានកើតឡើង និងបានលើកទឹកចិត្តដល់គ្រួសាររងគ្រោះឱ្យខិតខំតាំងស្មារតីឡើងវិញដើម្បីបន្តការរស់នៅ។
ជាមួយគ្នានោះ លោកអភិបាល ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ជាពិសេសក្នុងរដូវប្រាំងនេះ។
សម្ភារដែលបានផ្ដល់ជូនសរុបរួមមាន៖ អង្ករ ១៥០គីឡូក្រាម មី ៣កេស និងត្រីខ ៣ដុំ តង់កៅស៊ូ ៣ផ្ទាំង, កន្ទេល ៣ និងខោអាវ ៣ថង់ សម្ភារសំណង់៖ ស័ង្កសី ៨០សន្លឹក, ដែកគោល ២សុង និងស៊ីម៉ងត៍ ១០បេ៕






