រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខបងប្អូនពលរដ្ឋខ្មែរដែលកំពុងបន្តភៀសសឹក
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានឲ្យដឹងថា បច្ចុប្បន្ននេះ ជនភៀសសឹកកម្ពុជាជាងប្រាំសែនមួយម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់ផ្ទះសំបែងរបស់ពួកគេវិញ ខណៈនៅសេសសល់រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តផ្តល់នូវគ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាងជាប្រចាំ និងខិតខំដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់បានវិលត្រឡប់ទៅលំនៅដ្ឋានដើមវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។
ថ្លែងក្នុងសន្និសីទប្រចាំថ្ងៃនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តខិតខំយ៉ាងសកម្មតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានកំពុងបន្តភៀសសឹក ដោយបន្តផ្តល់សេវាទូរគមនាគមន៍ ទឹកភ្លើង និងអាហារគ្រប់គ្រាន់ រួមទាំងទីជម្រកសមរម្យជាបណ្តោះអាសន្នផងដែរ។
សូមបញ្ជាក់ថា ក្រោយការឈ្លានពានជាលើកទីពីររបស់ទាហានថៃអស់រយៈពេល២១ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះមានជនភៀសសឹកកម្ពុជាជិតមួយលាននាក់ បានរត់ភៀសសឹកជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានបងប្អូនដែលជាជនភៀសសឹកបានវិលត្រឡប់ទៅផ្ទះសំបែងរបស់ពួកគាត់វិញជាបន្តបន្ទាប់ ខណៈបងប្អូនដែលនៅសេសសល់កំពុងត្រូវបានបន្តយកចិត្តទុកដាក់យ៉ាងសកម្មពីរាជរដ្ឋាភិបាល និងមានប្រទេសជាមិត្តមួយចំនួនបានបន្តផ្តល់នូវសម្ភារៈប្រើប្រាស់ អាហារហូបចុកជារឿយៗផងដែរ៕






