រដ្ឋមន្រ្តីមហាផ្ទៃរុស្ស៊ី ចាប់ផ្តើមដំណើរ បំពេញទស្សនកិច្ចនៅគុយបាដែលជាសម្ព័ន្ធមិត្ត ក្នុងគ្រាដែលទីក្រុងវ៉ាស៉ីនតោន កំពុងបង្កើនសម្ពាធលើប្រទេសដែនកោះមួយនេះ

ឡាហាវ៉ាន់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែមករា រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសរុស្ស៉ី លោក Vladimir Kolokoltsev បានចាប់ផ្តើមដំណើរ បំពេញទស្សនកិច្ចនៅគុយបាដែលជាសម្ព័ន្ធមិត្ត ក្នុងគ្រាមួយដែលទីក្រុងវ៉ាស៉ីនតោន កំពុងបង្កើនសម្ពាធលើប្រទេសដែនកោះមួយនេះ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អាចនឹងដួលរលំគ្រប់ពេល។
ក្នុងខែមករានេះ លោក ត្រាំ បានព្រមានឱ្យទីក្រុងឡាហាវ៉ាន់ ស្វែងរកកិច្ចព្រមព្រៀងឆាប់ៗជាមួយអាមេរិក កុំឱ្យហួសពេលទាន់ បើមិនចង់ប្រឈមមុខ ផលវិបាកស្រដៀងគ្នាទៅនឹងវ៉េណេស៊ុយអេឡា។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានចាប់ខ្លួនដោយយោធាអាមេរិក អំឡុងប្រតិបត្តិការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ លើប្រទេសអាមេរិកឡាទីនមួយនេះ កាលពីថ្ងៃទី ៣ ខែមករា។ វ៉េណេស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តសំខាន់មួយរបស់គុយបា និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃប្រេងនិងថវិកា ដែលលោក ត្រាំ បានប្តេជ្ញាថានឹងកាត់ផ្តាច់។
ដោយនិយាយអំពីសកម្មភាពរបស់អាមេរិក ក្រោយធ្វើដំណើរមកដល់គុយបា លោក Kolokoltsev បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងនៅរុស្ស៉ី ចាត់ទុកទង្វើនេះ គឺជាសកម្មភាពឈ្លានពានប្រដាប់អាវុធ ប្រឆាំងលើវ៉េណេស៊ុយអេឡា។ ទង្វើបែបនេះ មិនអាច មានហេតុផលការពារដាច់ខាត ហើយជាថ្មីម្តងទៀត វាស្តែងឱ្យឃើញពីភាពចាំបាច់ ក្នុងការបង្កើនភាពប្រុងប្រយ័ត្ន និងប្រមូលផ្តុំកិច្ចប្រឹងប្រែង ដើម្បីទល់ទល់កត្តាខាងក្រៅ»។
គួរបញ្ជាក់ថា រុស្ស៉ីនិងគុយបា ដែលសុទ្ធតែកំពុងស្ថិតក្រោមទណ្ឌកម្មរបស់លោកខាងលិចដូចគ្នា បានបង្កើនទំនាក់ទំនងចាប់តាំងពី ឆ្នាំ២០២២មក នៅពេលទីក្រុងមូស្គូផ្តោតស្វែងរកប្រទេសជាមិត្ត និងជាដៃគូពាណិជ្ជកម្មថ្មីៗ ក្រោយសង្រ្គាមឈ្លានពាន នៅអ៊ុយក្រែន៕

You might also like