ចុងសប្តាហ៍នេះ នាវាកងទ័ពជើងទឹកអាមេរិក ចូលចតនៅផែសមុទ្ររាម

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ នាវាកងទ័ពជើងទឹកអាមេរិកមួយគ្រឿង នឹងចូលចតនៅកំពង់ផែសមុទ្ររាម។ នាវាកងទ័ពជើងទឹកអាមេរិក ដែលផ្ទុកជាមួយនាវិ​ក​ប្រមាណ​ជា ១០០នាក់ នឹងចតនៅកំពង់ផែសមុទ្ររាមរយៈ​ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២៦។

នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ មានឈ្មោះ USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។

នាវាកងទ័ពជើងអាមេរិក ដែលជានាវាកងទ័ពជើងទឹកបរទេសដំបូង ធ្វើដំណើរមកកាន់​កម្ពុជា​នៅដើមឆ្នាំ២០២៦ ដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame។

ជាមួយការចូលចតនៃនាវាកងទ័ពជើងទឹកនៅកម្ពុជារយៈពេល៥ថ្ងៃនេះ ក៏មានដំណើរទស្សនកិច្ចរបស់មេទ័ពជើងទឹករបស់អាមេរិក នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៅកម្ពុជាផងដែរ។

នាយឧត្តមនាវី Samuel Paparo នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹក​នាំ​កម្ពុជា ហើយក៏អញ្ជើញជាអធិបតីបើកកម្មវិធីហ្វឹកហ្វឺន​រួមគ្នារវាងកង​ទ័ព​ជើង​ទឹកកម្ពុជា​ជាមួយអាមេរិកផងដែរ។

សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកអាមេរិក គឺជានាកងទ័ពជើងទឹករបស់បរទេស​ទី៣ ហើយ ដែលបានចូលមកសំចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥។ នាវាទី១របស់ជប៉ុន នាវាទី២ របស់វៀតណាម៕

You might also like