ដំឡូងមីក្នុងដើមឆ្នាំ ២០២៦ ទាំងក្រៀម ទាំងស្រស់ មានតម្លៃខ្ពស់ជាងឆ្នាំមុន
មណ្ឌលគិរី៖ ដំឡូងមីក្នុងដើមឆ្នាំ ២០២៦ទាំងក្រៀមទាំងស្រស់មានតម្លៃខ្ពស់ជាងឆ្នាំមុន បើធៀបនឹងរយៈពេលនៃការប្រមូលផលដើមរដូវដូចគ្នា នេះបើតាមការបញ្ជាក់ពីក្រុមឈ្មួញកណ្ដាល ដែលប្រមូលទិញដំឡូងមីយកទៅលក់បន្តនូវប្រទេសវៀតណាម ដែលមានទីតាំង នៅភូមិអូររណាឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២៦។
លោក យិន ប៉ូរា ជាឈ្មួញកណ្ដាល ដែលកំពុងប្រមូលទិញដំឡូងមី បានប្រាប់អ្នកសារពត៌មានថា ឆ្នាំនេះតម្លៃដំឡូងមីដែលគាត់ប្រមូលទិញគឺមានតម្លៃខ្ពស់ជាងជាងឆ្នាំមុន ដោយសារតែកាលពីឆ្នាំ២០២៥ តម្លៃដំឡូងមីគាត់ទិញត្រឹមតែ ៣០០ រៀលចុះក្រោមរហូតដល់តម្លៃ១៨០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ដោយឡែកដើមឆ្នាំ២០២៦ គាត់បានទិញតម្លៃដំឡូងមី តម្លៃចន្លោះ ចាប់ពី ៣១០ រៀលដល់ ៣២០ រៀលក្នុងមួយគីឡូក្រាមទៅតាមគុណភាពនៃដំឡូង។ ប៉ុន្តែលោកថាដំឡូងមីឆ្នាំ២០២៦នេះ គាត់ប្រមូលទិញបានចំនួនតិចជាងឆ្នាំមុនៗ ដោយក្នុងមួយថ្ងៃគាត់ទិញបានត្រឹមតែ៧០តោនទៅ៨០តោនប៉ុណ្ណោះ ទិន្នផលដំឡូងរបស់កសិករហាក់ដូចធ្លាក់ចុះបន្តិច។
កសិករម្នាក់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ឈ្មោះ សំ ភាក់ បានអះអាងថា ឆ្នាំនេះគាត់ដាំដំឡូងមីលើផ្ទៃដី១០ហិកតា ទិន្នផលមធ្យមចន្លោះពី១៥តោនទៅ២០តោន គាត់កត់សម្គាល់ថា គាត់ទទួលបានផលខ្ពស់ជាងឆ្នាំមុនទៅទៀត ប៉ុន្តែសម្រាប់បងប្អូនកសិករផ្សេងៗ ទទួលបានទិន្នផលទាប ប្រហែលពាក់ព័ន្ធទៅនិងកត្តាការថែរទាំមិនដល់។ លោកបន្តថា កត្តាថែរទាំ ការជ្រើសរើសពូជដំណាំដំឡូមីត្រឹមត្រូវ វាជារឿងសំខាន់ណាស់ ចំពោះការទទួលបានទិន្នផលទាបឬខ្ពស់។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មនេសាទនិងរុក្ខប្រម៉ាញ់ខេត្តមណ្ឌលគិរីឲ្យដឹងថា សម្រាប់ដំណាំដំឡូងមីឆ្នាំ២០២៦នេះ ដំណាំដំឡូងមីទូរទាំងខេត្ត អនុវត្តបានលើផ្ទៃដីចំនួន ២២ ៨៩៣ ហិកតា។ ការងារប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លី សម្រាប់ ដំណាំដំឡូងមី ផ្ទៃដីប្រមូលផលសរុបចំនួន ១៧ ១៣៧ហិកតា ស្មើនឹង ៧៤,៨៦% នៃផ្ទៃដីអនុវត្តបាន ទិន្នផលមធ្យមចំនួន ១៤,៨៩៧តោន/ហិកតា បរិមាណផលសរុបចំនួន ២៥៥ ២៨៥តោន (ដំឡូងមីស្រស់តម្លៃ ៣០៥-៣៣០៛/គក្រ) ៕



