តុលាការបើកសវនាការជំនុំជម្រះទោស បុរសជាតិអង់គ្លេស២នាក់ ករណីរត់ពន្ធកញ្ឆាក្រៀមឆ្លងដែនពីថៃ ត្រូវបង្ក្រាបបាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
(ភ្នំពេញ)៖ លោក ទិត្យសុធី បូរ៉ាឆាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ មានលោក ទុង រតនា ជាតំណាងអយ្យការ បានបើកដំណើរការសវនាការជំនុំជម្រះលើសំណុំរឿងជនជាតិអង់គ្លេស២នាក់ ទី១.ឈ្មោះ Staven ភេទប្រុស អាយុ៤១ឆ្នាំ និងទី២. Jam ភេទប្រស អាយុ២៨ឆ្នាំ ដែលពាក់ព័ន្ធរត់ពន្ធកញ្ឆាក្រៀមឆ្លងដែនពីថៃ ហើយត្រូវបង្ក្រាបបាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
បុរសជនជាតិអងគ្លេសទាំង២នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចជំនាញផ្នែកគ្រឿងញៀនចាប់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២៩២៥ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីរត់ពន្ធកញ្ឆាក្រៀមជិត២០គីឡូក្រាម ពីប្រទេសថៃ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រោយសវនាការនេះបានបិទបញ្ចប់ចៅក្រមប្រធានក្រុមប្រឹក្សាបានសម្រេចលើកយកសំណុំរឿងនេះទៅប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយអនុវត្ដតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនតាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការចាប់ខ្លួនជនល្មើសសញ្ជាតិអង់គ្លេសអាយុ៤១ឆ្នាំ និងម្នាក់ទៀតឈ្មោះ Jam អាយុ២៨ឆ្នាំ។
ជាលទ្ធផលកម្លាំងជំនាញបានរកឃើញវត្ថុតាងកញ្ឆាក្រៀមចំនួន២២ដុំ ស្មើនឹងទម្ងន់ ១៩គីឡូ ៩០២ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕



