ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងផែនការការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម

នាថ្ងៃព្រហស្បតិ៍ ១១កើត ខែ មាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួង ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ និងផែនការការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសជាច្រើនរូប។
សូមជម្រាបថា អង្គប្រជុំបានស្តាប់នូវសេចក្ដីរាយការណ៍អំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ និងផែនការអនុវត្តឆ្នាំ២០២៦ របស់នាយកដ្ឋានទាំង៧ នៃអគ្គនាយកដ្ឋានបច្ចេកទេស ដែលរួមមាន៖ ១)នាយកដ្ឋានធារាសាស្ត្រកសិកម្ម ២)នាយកដ្ឋានវិស្វកម្ម ៣)នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ៤)នាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ ៥)នាយកដ្ឋានឧតុនិយម ៦)នាយកដ្ឋានទឹកស្អាតនិងអនាម័យ និង ៧)នាយកដ្ឋានគ្រប់គ្រងនិងអភិរក្សធនធានទឹក។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គនាយក បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដែលចាំបាច់ត្រូវបន្តការយកចិត្តទុកដាក់ ដូចជា ១)ការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ២)ការងារថែទាំប្រព័ន្ធធារាសាស្ត្រ ៣)ការសាងសង់ប្រព័ន្ធធារាសាស្ត្រនិងការស្តារប្រឡាយនានា ៤)ការជូនដំណឹងអំពីស្ថានភាពធាតុអាកាសនិងកម្ពស់ទឹកប្រចាំថ្ងៃ ៥)ការឆ្លើយតបឱ្យបានទាន់ពេលតាមការស្នើសុំរបស់វិស័យឯកជនក្នុងការប្រើប្រាស់ទឹក ៦)ការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកក្នុងការថែទាំប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងនិងការបែងចែកទឹក និង ៧)ការរៀបចំរបាយការណ៍លទ្ធផលការងារប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ៕

You might also like