កម្ពុជា-កូរ៉េ គ្រោងរៀបចំបេសកកម្មទាក់ទាញវិនិយោគិននៅកូរ៉េ មកវិនិយោគនៅកម្ពុជា
កម្ពុជា-កូរ៉េ គ្រោងរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគិននៅកូរ៉េ មកវិនិយោគនៅកម្ពុជាបន្ថែម និងគ្រោងរៀបចំកម្មវិធី “អាហារពេលព្រឹកការងារ” មួយខែម្តង ជាមួយបណ្តាសភាពាណិជ្ជកម្មនៅកម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មាន សេដ្ឋកិច្ចនានា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមធុរកិច្ច នៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) ដើម្បីពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។ ជំនួបនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ រវាងកម្ពុជា និងកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ “កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា-កូរ៉េ” ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងបានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះ តាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួលរាល់ការវិនិយោគពីបរទេស ផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្ត គម្រោង ដោយកម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េ នៅកម្ពុជាកាន់តែច្រើន និងបានជំរុញឱ្យ KOCHAM ជួយស្វែងរក គម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាព ខ្ពស់ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។
លោក Sungsoo Kim បានជម្រាបជូនថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកបានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពាន ចម្លងដ៏សំខាន់ ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ចរួមមាន៖ ការ ត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានការចូលរួមយ៉ាងសកម្មពីសំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមពីកូរ៉េមកកាន់កម្ពុជា។ បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើងពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី “អាហារពេលព្រឹកការងារ” (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយបណ្តាសភាពាណិជ្ជកម្មទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា៕



