រដ្ឋមន្រ្ដីកសិកម្ម ជំរុញធុរជនអាមេរិក ពង្រឹងពង្រីក ការវិនិយោគធ្វើកសិ-ពាណិជ្ជកម្មនៅកម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា ដើម្បីពិភាក្សាការងារអំពីគម្រោងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។
ប្រតិភូសភាពាណិជ្ជកម្មរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយ លោក Kim Chha Hout ប្រធានសភាពាណិជ្ជកម្មកម្ពុជា-រដ្ឋកាលីហ្វ័រញ៉ា មានគោលបំណងដើម្បីពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម ស្តីពីការជំរុញកសិ-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអាម៉េរិក។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានទទួលស្វាគមន៍វិនិយោគិនអាម៉េរិក ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងទទួលផលចំណេញទាំងអស់គ្នា ហើយលើកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ដែលមានបំណងចង់វិនិយោគលើវិស័យផលិតកម្មសត្វ ការកែច្នៃ វេចខ្ចប់ បន្តពិនិត្យលទ្ធភាពដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់ធុរជនអាមេរិក ពង្រឹងនិងពង្រីកការវិនិយោគនិងការធ្វើកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយក្រសួងកសិកម្ម នឹងរួមចំណែកសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ៕



