ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្ដដឹកនាំសិក្ខាសាលាផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ក្នុងថ្ងៃទី៤
នាថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្ដដឹកនាំសិក្ខាសាលាផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ប្រព័ន្ធព័ត៌មានធនធានទឹក និងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ក្នុងថ្ងៃទី៤ នៅសាលប្រជុំនៃសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ។
សូមជម្រាបថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃគឺថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ហើយសម្រាប់ថ្ងៃទី៤ អង្គសិក្ខាសាលាបានផ្តោតជាសំខាន់លើការសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ (IAMS) និងការអនុវត្តសាកល្បងលើការប្រើប្រាស់ប្រព័ន្ធ ជាពិសេសការណែនាំ ដើម្បីបង្កើនការយល់ដឹងពីមុខងារនីមួយៗ ក្នុងការបញ្ចូលទិន្នន័យឱ្យបានត្រឹមត្រូវ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ (IAMS) ជាប្រព័ន្ធវៃឆ្លាតមួយដែលអាចជួយដល់មន្ត្រីទទួលបន្ទុកការងារនៅតាមបណ្តាខេត្តនីមួយៗក្នុងការគ្រប់គ្រងលើប្រព័ន្ធធារាសាស្ត្រ ក្នុងវិស័យធនធានទឹក និងឧតុនិយម។ ហេតុនេះសិក្ខាកាមទាំងអស់ចាំបាច់ណាស់ត្រូវខិតខំរៀនសូត្រដោយយកចិត្តទុកដាក់ក្នុងការអនុវត្តលើប្រព័ន្ធនេះ៕



