៦ខែមកនេះ កម្ពុជា ធ្វើកំណត់ទូតតវ៉ា និងញ្ញត្តិថ្កោលទោសជិត ៧០០លើក ចំពោះទង្វើឈ្លានពានរបស់ថៃ

រយៈពេល៦ខែចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក ចំពោះទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះថា ក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញត្តិថ្កោលទោស និងលិខិតបកស្រាយឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត៧០០លើក និងការឆ្លើយតបក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់ តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព (Press Briefing) របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលជាប្រចាំថ្ងៃចំនួនជិត ២០០ លើក។ ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញឬដឹកនាំអង្គទូត តំណាងអង្គការអន្តរជាតិ អ្នកសង្កេតការណ៍អាស៊ាន (AOT) និងសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទៅមើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាច្រើនលើកទៀត។
អ្នកនាំពាក្យបញ្ជាក់ថា សកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងជាពិសេសការការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត។
តាមរយៈសន្និសីទ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

You might also like