កម្ពុជា-ទីម័រ ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌតំបន់ និងអាស៊ាន

កម្ពុជា និងទីម័រឡេស្ដេ បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ។
ការពិភាក្សានេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េជាមួយ ឯកឧត្តម António de Sá Benevides ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅស្ថានទូតទីម័រឡេស្តេ ក្នុងទីក្រុងសេអ៊ូល។
ក្នុងជំនួបនោះ ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការអបអរសាទរសារជាថ្មីចំពោះសាធារណរដ្ឋទីម័រឡេស្តេដែលបានចូលជាសមាជិកអាស៊ានទី១១ កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលវាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទីម័រឡេស្តេ។
សូមជម្រាបជូនផងដែរថា កាលពីខែកញ្ញាឆ្នាំ២០២៥កន្លងទៅ កម្ពុជា និងទីម័រឡេស្ត បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសការពិនិត្យលទ្ធភាពជំរុញកសិ-ពាណិជ្ជកម្ម ការធានាសន្តិសុខស្បៀង និងការផ្លាស់ប្តូរកម្មសិក្សាកសិករប្រទេសទាំងពីរ៕

You might also like