លំហូរអ្នកដំណើរកកកុញក្នុងកំឡុងពេលបុណ្យនិទាឃរដូ វ៖ ការឆ្លុះបញ្ចាំងពីកម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិន
ជារៀងរាល់ឆ្នាំ នៅចន្លោះមុននិងក្រោយបុណ្យចូលឆ្នាំចិនប្រមាណជា៤០ ថ្ងៃ នឹងមានព្រឹត្តិការណ៍មួយដែលបង្ហាញពីទិដ្ឋភាពដ៏មមាញឹកបានរំលេចឡើងនៅទូទៅប្រទេសចិន ដែលត្រូវបានគេហៅថា«ការចំណាកស្រុកដ៏ធំបំផុតរបស់មនុស្សជាតិនៅលើពិភពលោក»។ ព្រឹត្តិការណ៍នេះគឺ春运(chun yun)«ការដឹកជញ្ជូនក្នុងនិទាឃរដូវ»(The Spring Festival Transportation)ពោលការធ្វើដំណើរក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិន។
ជានិច្ចកាល ជនជាតិចិនតែងតែនិយាយពាក្យមួយម៉ាត់ថា «មានលុយអត់លុយ ទៅផ្ទះចូលឆ្នាំ» ដែលមានន័យថា ទោះបីជាមានជីវភាពធូរធារឬក្រលំបាកក្តី ឱ្យតែដល់ថ្ងៃចូលឆ្នាំក៏សុទ្ធតែគួរត្រឡប់ទៅស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារ ដែលបញ្ជាក់ថា ជនជាតិចិនបានចាត់ទុកមនោសញ្ចេតនាគ្រួសារនិងសាច់ញាតិជាធំលើសពីអ្វីៗទាំងពួង ដែលបង្កើតបានជាវប្បធម៌«ផ្ទះ»របស់ប្រជាជាតិចិន។
អាស្រ័យហេតុនេះ បើតាមកំណត់ត្រា «ការដឹកជញ្ជូនក្នុងនិទាឃរដូវ»របស់ចិនបានកើតចេញជាទ្រង់ទ្រាយជាលើកដំបូងក្នុងឆ្នាំ១៩៥៤ ដែលកាលនោះមានអ្នកដំណើរទៅមកជាង២៣០០ ម៉ឺននាក់ បើទោះបីជាកាលនោះសាធារណរដ្ឋប្រជាមានិតចិនទើបបានបង្កើតឡើងថ្មីៗ ហើយជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកំពុងស្ថិតក្នុងភាពក្រលំបាក ចំណែកមធ្យោបាយធ្វើដំណើរមិនរហ័សទាន់ចិត្តឬសឹងតែអាចនិយាយបានថាអន់ថយក្តី ប៉ុន្តែមិនអាចរារាំងទឹកចិត្តរបស់ជនចំណាកស្រុកដែលនឹករឮកឪពុកម្តាយនិងក្រុមគ្រួសារ នឹករឮកស្រុកកំណើតរបស់ខ្លួននោះឡើយ ពោលជនចំណាកស្រុកទាំងឡាយបានរិះរកគ្រប់មធ្យោបាយដើម្បីធ្វើដំណើរត្រឡប់ទៅជួបជុំគ្រួសារ បើទោះបីជាអ្នកខ្លះត្រូវចំណាយពេល៣-៤ ថ្ងៃទើបអាចទៅដល់ផ្ទះក៏ដោយ។
មិនថា«ការដឹកជញ្ជូនក្នុងនិទាឃរដូវ»របស់ចិនឬ«ការដឹកជញ្ជូនក្នុងថ្ងៃបុណ្យ»របស់កម្ពុជា សុទ្ធតែបានឆ្លុះបញ្ចាំងពីភាពរស់រវើកនិងការអភិវឌ្ឍនៃសង្គមជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងមនោសញ្ចេតនារបស់ប្រជាជនចំពោះវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដែលកាន់តែល្អបវរ ដូចពាក្យមួយឃ្លាពោលថា៖ សុបិននៅឆ្ងាយពិត ឱ្យតែខិតខំស្វែងរកនឹងអាចឈានទៅដល់ , ក្តីប្រាថ្នាលំបាកពិត ឱ្យតែប្រកាន់ខ្ជាប់នឹងអាចសម្រេចបាន៕



