ផ្ទះទេវតា០១ខ្នង ដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយលោកតា ចាស់ជរានៅខេត្តពោធិ៍សាត់

នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតាចំនួន០១ខ្នងជូនលោកយាយ សុខ លី មានអាយុ៦៨ ឆ្នាំ និងលោកតា សុខ ជិន អាយុ៥៨ឆ្នាំ រស់នៅ ភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរស់នៅជាមួយចៅកំព្រាម្នាក់។
គួររំលឹកថា លោកយាយបានជួបលោកជំទាវ ហ៊ុន ម៉ាណា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ឆ្លងទៅ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកចែកចំណោយដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់នេះ។ ហើយដោយពិនិត្យមើលពីស្ថានភាពលោកយាយរស់នៅកំសត់ និងមានការខ្វះខាត នោះ ទើបលោកជំទាវសម្រេចសាងសង់ផ្ទះ១ខ្នងជូនដល់លោកយាយ។
ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវអណ្តូងទឹក,ប្រព័ន្ធទឹកស្អាត និងបំពាក់ភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់លោកយាយទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ។ ជាមួយគ្នានោះលោកជំទាវក៏បាននាំយកនូវអំណោយមានជាកាតាប ដែលមានសម្ភារៈសិក្សាជាច្រើនមុខមកចែកជូនដល់ក្មួយៗសិស្សានុសិស្សប្រមាណ១៥៧នាក់ផងដែរ៕

You might also like