ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងគម្រោងប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាស៊ី
នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោង ព្រមទាំងទីប្រឹក្សាជាតិ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះបានអនុវត្តក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រសំខាន់ៗដូចជា៖ ១)ប្រឡាយចំនួន១២ ខ្សែប្រវែងសរុប ៨៦,៨គីឡូម៉ែត្រ ក្នុងនោះប្រឡាយដីមានប្រវែង ៥៦គីឡូម៉ែត្រ និងប្រឡាយបេតុងមានប្រវែង ៣០,៨គីឡូម៉ែត្រ និង ២)សំណង់សិល្បការ្យតូចធំចំនួន ៣៥៤កន្លែង។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គម្រោងប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត មានសមត្ថភាពស្តុកទឹក និងបែងចែកទឹក ជាពិសេសនៅរដូវប្រាំង និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រមាណ ២១១៧១គ្រួសារ ស្មើនឹង ១៣៤៤០៧នាក់៕



