ស្នងការខេត្តមណ្ឌលគិរី ណែនាំពលរដ្ឋហាមដុតផាវនិងគ្រឿងផ្ទុះ នាឱកាសបុណ្យចូលឆ្នាំចិន
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ណែនាំពលរដ្ឋហាម ដុតផាវ ឬឧបករណ៍បំផ្ទុះផ្សេងៗ នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ការណែនាំនេះ ដោយសារនាឆ្នាំកន្លងមកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម អាជ្ញាធរពិនិត្យឃើញថាបង ប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរក្នុងពិធីបុណ្យខាងលើ តែងតែយកផាវ កាំជ្រួច ឬ ឧបករណ៍បំផ្ទុះ ផ្សេងៗ មកប្រើប្រាស់ដើម្បីលម្អឱ្យមានសំឡេងផ្ទុះឆេះ ដែលអាចបង្កឱ្យកើតមានគ្រោះមហន្តរាយតូច-ធំ គ្រប់ ប្រភេទកើតឡើងជាយថាហេតុ។ ជាការកត់សម្គាល់ កន្លងទៅនាឱកាសបុណ្យចូលឆ្នាំចិន ការដុតផាវ និងគ្រឿងបំផ្ទុះផ្សេងៗ បានបង្កឱ្យមានភ្លើងឆេះ និងអគ្គិភ័យកើតឡើងក្នុងខេត្តនេះ។
សេចក្តីណែនាំចុះហត្ថលេខាដោយស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ក៏បានណែនាំដល់សិប្បករ, អាជីវករ, និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តមណ្ឌលគិរី មួយចំនួន ហាមផលិតធ្វើចរាចរណ៍ទិញ-លក់ ចែកចាយ និងប្រើប្រាស់ផាវ កាំជ្រួច ឬឧបករណ៍ផ្សេងៗ ដែលបង្កឱ្យមានសំឡេងផ្ទុះឆេះ។ លោក ឡោ សុខា សង្កត់ធ្ងន់ថា៖« ហាមដាច់ខាតការដុតផាវ កាំជ្រួច ឬឧបករណ៍ផ្សេងៗ ដែលបង្កឱ្យមានសំលេងផ្ទះឆេះនៅ តាមកម្មវិធីផ្សេងៗ ក្នុងគេហដ្ឋាន ឬទីសាធារណៈ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គម» ។
ទន្ទឹមនេះ លោកក្រើនរំឮកពលរដ្ឋត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ប្រេងឥន្ទៈ ហ្គាស និងការដុតធូប ទៀន ចង្កៀង ឬសម្ភារផ្សេង ៗ ទៀតដើម្បីតុបតែងលម្អសោភ័ណភាពតាមមន្ទីរ អង្គភាព គេហដ្ឋាន ឬទីសាធារណៈដែលអាចបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុ ។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌគិរី សង្ឃឹមយ៉ាងមុតមាំថា សិប្បករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី នឹងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យបានល្អ និងមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕



