សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបដិសេធដាច់ខាតមិនឱ្យមានការផលិតបារីអេឡិចត្រូនិក ឬការដាំកញ្ឆានៅកម្ពុជា
ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការហាមឃាត់ជាដាច់ខាត មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិក (Vape) ឬការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជានោះឡើយ ទោះបីជាការផលិត ឬការដាំដុះនោះធ្វើឡើងក្នុងគោលបំណងដើម្បីនាំចេញទៅក្រៅប្រទេស ឬប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ។
ការថ្លែងប្រកាសបែបនេះរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន ០២ ខ្នង និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ។
សម្តេចធិបតី បានបញ្ជាក់ថា សម្តេចបានណែនាំរួចហើយទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ មិនឱ្យទទួលយកគម្រោងវិនិយោគផលិតបារីអេឡិចត្រូនិក ឬ Vape ឡើយ ព្រោះសូម្បីតែការត្រួតពិនិត្យការនាំចូលនាពេលបច្ចុប្បន្នមានភាពស្មុគស្មាញ និងលំបាកគ្រប់គ្រងទៅហើយ ទម្រាំតែមានការអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតនៅក្នុងស្រុកទៀតនោះ។
ទាក់ទងនឹងបញ្ហាកញ្ឆា សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចមានគោលការណ៍ប្រឆាំងដាច់ខាតចំពោះការដាំកញ្ឆានៅកម្ពុជា តាំងពីមុនពេលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រីមកម៉្លេះ។ ទោះបីជាមានការលួងលោម (Lobby) ឬមានសំណើវិនិយោគពីក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន ដែលស្នើសុំឱ្យមានការធ្វើវិសោធនកម្មច្បាប់ដើម្បើតម្រូវការនាំចេញទៅកាន់ប្រទេសផ្សេងៗដូចជាកាណាដាក៏ដោយ ក៏សម្តេចបានបដិសេធចោលទាំងអស់។
សម្តេចធិបតី បានបន្ថែមទៀតថា មូលហេតុចម្បងដែលមិនអនុញ្ញាត គឺដោយសារតែការគ្រប់គ្រងមិនអាចធ្វើទៅបានប្រសិទ្ធភាពនោះទេ ហើយប្រសិនបើអនុញ្ញាតឱ្យដាំដុះ នោះវានឹងជ្រាបចូលទៅកាន់សង្គមជាតិ ហើយប្រជាពលរដ្ឋកម្ពុជានឹងរងផលប៉ះពាល់ដោយសារការជក់កញ្ឆានេះ។ សម្តេចបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងអំពីបទពិសោធន៍របស់ប្រទេសជិតខាង ដែលធ្លាប់បានបើកទូលាយឱ្យប្រើប្រាស់កញ្ឆាក្នុងគោលបំណងវេជ្ជសាស្ត្រ ប៉ុន្តែនៅទីបំផុតមិនអាចគ្រប់គ្រងបាន រហូតដល់មានការប្រើប្រាស់ជក់ពេញទីសាធារណៈ ខុសពីគោលគំនិតដើម និងបង្ខំឱ្យរដ្ឋាភិបាលប្រទេសនោះត្រូវរឹតបន្តឹងច្បាប់ឡើងវិញដូចការព្យាករទុកមែន៕






