ក្រសួងមហាផ្ទៃ ៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ ពលរដ្ឋភៀសសឹកជាង៥៥ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង៩ម៉ឺននាក់
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៤ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក២,៣៨៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៥ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន៩៥,៤៧៤នាក់ ក្នុងនោះស្រ្តីមាន៤៩,៩៩១នាក់ និងកុមារ៣០,៥៣២នាក់។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។ ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។



