សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម

មានការរៀបចំពិធីចម្រើនព្រះបរិត្ត​បុណ្យ​កាន់​បិណ្ឌវេន​ទី១០ នៅវត្តបទុមវតី រាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ​ពិធីដ៏ប្រពៃនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជន​ពិសេស និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​ជា​អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ព្រមទាំងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដោយ​មាន​ការ​អញ្ជើញ​ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ រួមជាមួយនឹងវត្តមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនគ្រប់ជាន់ថ្នាក់។
វេនកាន់បិណ្ឌទី១០នេះ គឺ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព មហាធម្មមង្គលមុនីសិរីញាណ អគ្គ​មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មហាធម្មរតនាភិរក្ខសីលសិរីរ័ត្ន អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រម​ទាំង​ក្រុម​គ្រួសារ បានប្រារព្ធជារៀងរាល់ឆ្នាំ។
លុះដល់ព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោក​ជំទាវ​ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុគ្គលិកទាំងអស់ បានជួបជុំគ្នា​រៀ​ប​ចំ​ពិធី​ប្រគេន​ទេយ្យ​ទាន ​មានចង្ហាន់ ស្លាដក់ បច្ច័យ និងគ្រឿងឧបភោគបរិភោគនានា ប្រគេនដល់ព្រះសង្ឃ។
បន្ទាប់​ពី​នោះ លោកអ្នកឧកញ៉ា និងលោកជំទាវអ្នក​ឧកញ៉ា ព្រមទាំងបុគ្គលិក​ទាំង​អស់ បានរួម​គ្នាធ្វើ​ពិ​ធីរាប់បាត្រទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ បន្ទាប់ពីពិធីរាប់បាត្រហើយនោះ លោក​តា​អាចារ្យ ក៏បានដឹកនាំពិធីវេរចង្ហាន់ និងទេយ្យទានទាំងឡាយប្រគេនដល់ព្រះសង្ឃ ព្រមទាំង​បាន​ឧទ្ទិស​មហា​កុសលទាំងឡាយជូនដល់បុព្វការីជន ដែលបានធ្វើមរណកាល។
ដោយសទ្ធាជ្រះថ្លា លោកអ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ា បានប្រគេនបច្ច័យដល់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ៤.០០០.០០០រៀល សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ៤.០០០.០០០ រៀល សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ២.០០០.០០០រៀល ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ជូនអាចារ្យ តាជី-យាយជី និងសិស្ស-និស្សិត ៥៣១ អង្គ/នាក់។
សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ លោកអ្នកឧកញ៉ាបណ្ឌិត និងលោកជំទាវអ្នកឧកញ៉ាបាននាំយកទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ២តោន មីជាតិ ១៨កេស ស្ករសបាវ ទឹកដោះគោ ៥កេស ទឹកសុទ្ធ ៥០កេស ទឹកសណ្តែក ៥០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើ ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ អំបិល ២០គីឡូក្រាម បច្ច័យសម្រាប់តម្កល់ជើងបិណ្ឌការកសាង ៦០.០០០.០០០រៀល ក៏ដូចជាចំណាយផ្សេងៗក្នុងពិធីបុណ្យទាំងមូលអស់ថវិកាប្រមាណ ២៥០.០០០.០០០រៀល៕

You might also like