អគ្គនាយកស៊ីម៉ាក់កម្ពុជា ៖ កុមារចំនួន២នាក់ បានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមានអាយុកាលជាង៣០ ទៅ៤០ឆ្នាំ នៅស្រុកសន្ទុក ខេត្តកំពង់ធំ
នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានសរសេរថា ខ្ញុំពិតជារន្ធត់និងសោកស្តាយណាស់ដែលកុមារចំនួន២នាក់បានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឯកឧត្តម ហេង រតនា បន្តថា ការផ្ទុះគ្រាប់ប្រភេទ M79 (M381) សំណល់យុទ្ធភណ្ឌសង្គ្រាមនេះ បណ្តាលឱ្យកុមារាអាយុ៨ឆ្នាំម្នាក់ និងកុមារីអាយុ១៤ឆ្នាំម្នាក់រងរបួសរហូតដល់ស្លាប់។ នេះជាទុក្ខសោកនាដកម្មដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម វាអាចមានអាយុកាលជាង៣០-៤០ឆ្នាំទៅហេីយ ប៉ុន្តែនៅតែបន្តបំផ្លិចបំផ្លាញនិងបង្ករងគ្រោះដល់មនុស្សជំនាន់ក្រោយៗទៀត៕






