អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញផ្ដល់អំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ២០៨គ្រួសារ នៅមូលដ្ឋានស្រុកអូរជ្រៅ
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារដែលខូចខាតផ្ទះ ជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លង ចំនួន ២០៨គ្រួសារ នៅស្រុកអូរជ្រៅ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំដេរប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។
នាឱកាសឯ កឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បញ្ជាក់ថា ក្នុងដំណាក់កាលដែលយោធាថៃបើកការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា អ្វីដែលសម្តេច បារម្ភ ជាគេ គឺសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីជម្លាសខ្លួនទៅរកកន្លែងសុវត្ថិភាព ហើយ សម្តេច ក៏បានចាត់ក្រុមការងារនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ និងជួយផ្ដល់ស្បៀងជួយដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីផ្គត់ផ្គង់ប្រចាំថ្ងៃ។
ក្នុងនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះផ្ទះសំបែងរបស់បងប្អូនដែលត្រូវទទួលបានការខូចខាតដោយសាយោធាថៃប្រើប្រាស់អាវុធធុនធ្ងន់ធ្វើឱ្យផ្ទះសំបែងរបស់បងប្អូនរងការខូចខាត និងត្រូវបំផ្លិតបំផ្លាញ និងសូមឱ្យបងប្អូនអត់ធ្មត់ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល លើកិច្ចការងារដោះស្រាយបញ្ហាតាមបន្ទាត់ព្រំដែនដោយសន្តិវិធី។
សូមបញ្ជាក់ថា សម្ភារផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕
ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ






