មហាជនដាក់មន្ទិល! ហេតុអ្វីពលករលួចឆ្លងដែនទៅថៃបានសម្រេច តែត្រូវទ័ពជើងទឹកថៃ ស្ទាក់ចាប់បានរហូត? តើមានការឃុបឃិតនៅពីក្រោយឬ?

ព្រំដែនបាត់ដំបង-ច័ន្ទបុរី ៖ ករណីកម្លាំងទ័ពជើងទឹកថៃ (អង្គភាពពិសេសនាវិកយោធាច័ន្ទបុរី) បង្ក្រាបបានពលករខ្មែរ ១៦ នាក់ និងមេខ្យល់ថៃ ១ នាក់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ ក្នុងស្រុកសយដាវ ខេត្តច័ន្ទបុរី ដែលជា តំបន់ជាប់ព្រំប្រទល់ផ្ទាល់ជាមួយស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង កំពុងក្លាយជាប្រធានបទក្តៅដែលមហាជនដាក់សំណួរទៅកាន់សមត្ថកិច្ចព្រំដែនកម្ពុជា។

ចំណុចចាក់ដោតដែលមហាជនកំពុងឆ្ងល់ ៖
ចេញផុតពីខ្មែរ តែទៅជាប់នៅថៃ៖ មហាជនដាក់សំណួរថា បើសមត្ថកិច្ចតាមព្រំដែនក្នុង ស្រុកភ្នំព្រឹក និងស្រុកកំរៀង អះអាងថាមានការរឹតបន្តឹងយាមកាមយ៉ាងខ្លាំងក្លា ហេតុអ្វីបានជាពលកររាប់សិបនាក់អាចដើរឆ្លងកាត់ “ច្រករបៀង” ចេញទៅដល់ដីថៃបានយ៉ាងងាយស្រួល?
តើមានការឃុបឃិតដើម្បីប្រយោជន៍? មានការសង្ស័យថា តើនេះជាការខ្វះចន្លោះបច្ចេកទេស ឬក៏មានការ “បើកដៃ” ពីសំណាក់មន្ត្រីខិលខូចមួយចំនួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ទើបបានជាពលករអាចឆ្លងដែនបានសម្រេច ខណៈភាគីខ្មែរហាក់ដូចជាមិនសូវបង្ក្រាបបានក្នុងទ្រង់ទ្រាយធំដូចខាងភាគីថៃ?
តម្លៃសេវាដ៏ខ្ពស់៖ តាមចម្លើយសារភាព ពលករម្នាក់ៗត្រូវបង់ប្រាក់ពី ៦,៥០០ ទៅ ៧,០០០ បាត ឱ្យមេខ្យល់។ តើទឹកប្រាក់ទាំងនេះធ្លាក់ទៅក្នុងហោប៉ៅអ្នកណាខ្លះ ទើបបានជាខ្សែរយៈមេខ្យល់នៅតែអាចធ្វើសកម្មភាពបានយ៉ាងរលូនតាមច្រករបៀងក្នុងស្រុកទាំងពីរនេះ?
ផលវិបាក និងការទទួលខុសត្រូវ៖
ខណៈដែលភាគីថៃកំពុងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់ ការដែលពលករខ្មែរនៅតែបន្តលួចឆ្លងដែនតាមច្រករបៀងក្នុង ស្រុកភ្នំព្រឹក និងស្រុកកំរៀង មិនត្រឹមតែធ្វើឱ្យពួកគេប្រឈមនឹងការចាប់ខ្លួន និងបាត់បង់ប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីភាពធូររលុងនៃការគ្រប់គ្រងព្រំដែនរបស់អាជ្ញាធរមូលដ្ឋានផងដែរ។
មហាជនសង្ឃឹមថា អាជ្ញាធរខេត្តបាត់ដំបង ជាពិសេសសមត្ថកិច្ចដែលឈរជើងនៅតាមបណ្តោយព្រំដែនស្រុកភ្នំព្រឹក និងស្រុកកំរៀង នឹងមានវិធានការក្តៅក្នុងការ “កាត់ផ្តាច់ខ្សែរយៈមេខ្យល់” ឱ្យមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីកុំឱ្យពលករខ្មែររងគ្រោះបន្តទៀត។

You might also like