ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រាប់ទូតប្រេស៊ីល ថា កម្ពុជាជាប្រទេសទី១ ក្នុងពិភពលោក ដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការជាមួយសហរដ្ឋអាម៉េរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូន លោកជំទាវឯកអគ្គរដ្ឋទូត Susan Kleebank អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអមដំណើរពីសំណាក់ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជំនួប ដែលបានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការស្វែងរកដំណោះស្រាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិរៀងៗខ្លួន ព្រមទាំងពិភាក្សាផងដែរអំពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ ក្នុងពិភពលោកដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាផ្លូវការ ហើយវាគឺជាការផ្តល់នូវភាពប្រាកដប្រជា និងជំនឿចិត្តយុទ្ធសាស្ត្រ ដល់វិនិយោគិនអន្តរជាតិ ជាពិសេសវិនិយោគិនពីប្រទេសប្រេស៊ីល ក្នុងការសម្រេចចិត្តជ្រើសរើសកម្ពុជាជាមូលដ្ឋានផលិតកម្មដ៏រឹងមាំ ដើម្បីទាញយកអត្ថប្រយោជន៍ និងផ្គត់ផ្គង់ទៅកាន់ទីផ្សារដ៏មហិមារបស់សហរដ្ឋអាម៉េរិក ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីភាពវិជ្ជមាននៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពអនុគ្រោះខ្ពស់ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់អំពីផែនការបេសកកម្មគោះទ្វារវិនិយោគទៅកាន់ប្រទេសប្រេស៊ីល និងបណ្តាប្រទេសសំខាន់ៗជុំវិញពិភពលោក ដើម្បីបង្ហាញពីសក្តានុពលពិតរបស់កម្ពុជា ដោយរំពឹងថានឹងអាចទាក់ទាញវិនិយោគិនប្រេស៊ីលបន្ថែមទៀត ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារ ដែលជាវិស័យបង្គោលមានតម្លៃបន្ថែមខ្ពស់។
លោកជំទាវ Susan Kleebank ក្នុងនាមភាគីប្រេស៊ីល បានបង្ហាញនូវឆន្ទៈក្នុងការគាំទ្រ សម្របសម្រួលយ៉ាងពេញទំហឹងដល់បេសកកម្មគោះទ្វារវិនិយោគរបស់កម្ពុជានៅប្រេស៊ីល ដើម្បីឱ្យទទួលបានលទ្ធផលត្រចះត្រចង់។ លោកជំទាវក៏បានលើកឡើងអំពីក្រុមហ៊ុនសហគ្រាសធំៗមួយចំនួន ដែលមានសក្តានុពលខ្លាំងនៅប្រេស៊ីល ដែលគណៈប្រតិភូកម្ពុជាគួរជួបពិភាក្សាដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចយូរអង្វែង។
ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរវាងស្ថាប័នទាំងពីរ ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងប្រេស៊ីល នឹងមានការកើនឡើងជាបន្តបន្ទាប់ ប្រកបដោយបរិយាប័ន្ន និងផលប្រយោជន៍ទៅវិញទៅមក៕ ដោយ៖ កន ចំណាន








