ការប្រេះឆាក្នុងបក្សសាធារណរដ្ឋ ខណៈរដ្ឋបាលលោក Trump ស្នើបន្ថែមថវិកាជាង២០០ពាន់លានដុល្លារចំណាយលើសង្គ្រាមអ៊ីរ៉ង់

ការប្រេះឆាកំពុងលេចឡើងក្នុងចំណោមសមាជិកសភារបស់គណបក្សសាធារណរដ្ឋលើសង្គ្រាមអ៊ីរ៉ង់ ដោយសមាជិកសភាសំខាន់ៗមានការសង្ស័យអំពីការជះលុយរាប់រយពាន់លានដុល្លារដើម្បីអូសបន្លាយជម្លោះ និងភាគច្រើនបដិសេធមិនគាំទ្រការចំណាយប្រាក់ណាមួយដោយគ្មានយុទ្ធសាស្ត្រច្បាស់លាស់របស់សេតវិមាន។
យោងតាមមនុស្សជាច្រើនដែលពាក់ព័ន្ធនឹងការពិភាក្សាបឋមទាំងនោះបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ លោកប្រធានាធិបតី Donald Trump អាចស្នើសុំឱ្យសភាចំណាយប្រាក់រហូតដល់ជាង ២០០ ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់សង្គ្រាមដែលកំពុងបន្ត។ ប៉ុន្តែវានឹងពិបាកខ្លាំងណាស់ក្នុងការអនុម័ត។ បណ្ដាមេដឹកនាំគណបក្សសាធារណរដ្ឋមិនជឿថាពួកគេមានសំឡេងឆ្នោតដើម្បីផ្តល់មូលនិធិដល់សង្គ្រាមនោះទេ សូម្បីតែនៅក្នុងគណបក្សរបស់ខ្លួនឯងក៏ដោយដោយសារតែគ្មានផែនការលម្អិតបន្ថែមទៀតពីសេតវិមាន។
លោក Trump បាននិយាយពីការិយាល័យប្រធានាធិបតី Oval កាលពីថ្ងៃព្រហស្បតិ៍១៩មីនាសប្ដាហ៍នេះថា ពួកលោកចង់ស្ថិតក្នុងស្ថានភាពល្អបំផុត ស្ថានភាពល្អបំផុតដែលពួកលោកធ្លាប់មាន។ វាជាការចំណាយតិចតួច ដែលត្រូវធ្វើដើម្បីធ្វើឱ្យប្រាកដថាពួកលោកនៅតែស្ថិតក្នុងចំណុចល្អគ្មានគូប្រៀប។
ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ទីរបញ្ចកោណ នឹងស្នើទៅសភា សុំប្រាក់បន្ថែមទៀតដើម្បីបន្តសង្គ្រាមអ៊ីរ៉ង់ ដោយនិយាយាថា លោកចង់ធានាឲ្យបាននូវស្ថានភាពល្អនាពេលបច្ចុប្បន្ន ហើយនឹងធានាថារាល់ការចំណាយនាពេលខាងមុខនឹងលើសពីគ្រប់គ្រាន់៕

You might also like