ឃាត់ខ្លួនឃាតកម្មដៃឆ្អៅ បន្ទាប់ពីបាញ់សម្លាប់បុរសម្នាក់នៅស្រុកស្វាយលើ ខេត្តសៀមរាប ផ្តើមចេញពីជម្លោះរឿងដកបង្គោលព្រំដី

ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានបើកការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនដៃដល់ម្នាក់បានភ្លាមៗ ក្រោយបាញ់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ព្រោះតែជម្លោះរឿងដកបង្គោលព្រំដីកើតឡើង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ក្បែររបងលើផ្លូវក្រាលគ្រួសក្រហម ស្ថិតភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីបាញ់សម្លាប់ដោយកាំភ្លើងខ្លីម៉ាក K54 និងអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការកំណត់មុខសញ្ញា និងតាមចាប់ខ្លួនជនសង្ស័យ បានភ្លាមៗ។
របាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីជនដៃដល់ប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនរងគ្រោះ ឈ្មោះ អ៊ុត ថៃ អាយុ៥៥ឆ្នាំ មុខរបរកសិករ ត្រូវចំនួន៤កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ជនដៃដល់បានរត់ចូលព្រៃគេចខ្លួន ដោយមានកាំភ្លើងជាប់តាមខ្លួន។
ជនដៃដល់ បានរត់រហូតមកដល់ចំណុចក្បែររីសត ធីសាក់ ជាប់ជើងភ្នំគូលែន ក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវបានកម្លាំងនគរបាលតាមចាប់នាវេលាម៉ោង ៩៖៤០នាទី ថ្ងៃខែដដែល មានចម្ងាយជិត២ គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ជនល្មើសមានឈ្មោះ ញឹក ម៉ៅ អាយុ៥៣ឆ្នាំ មុខកសិករ ស្រុកកំណើតភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ។ នគរបាលបានដកវត្ថុតាងកាំភ្លើងខ្លីម៉ាក K54 មានបង់ចំនួន២បង់ គ្រាប់ចំនួន១៦គ្រប់។
ជនដៃដល់ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

   

You might also like