ពលរដ្ឋភៀសសឹកនៅជំរំវត្តកណ្តោល កំពុងរៀបចំសម្ភារទៅស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលរៀចំជូន នៅឃុំស្លក្រាម
( បន្ទាយមានជ័យ) បន្ទាប់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់ជនភៀសសឹក ដើម្បីចូលរស់នៅជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួចមក, នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បងប្អូនជនភៀសសឹកដែលចាប់ឆ្នោតបានមុន កំពុងមមាញឹករៀបចំសម្ភារនានា ដើម្បីធ្វើដំណើរទៅស្នាក់នៅជម្រកបណ្តោះអាសន្នថ្មី ដែលរាជរដ្ឋាភិបាលបានរៀបចំជូន។
ពិធីចាប់ឆ្នោតបានធ្វើឡើង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជម្រកបណ្ដោះអាសន្នផ្ទះអតីតយុទ្ធជន ដែលបងប្អូនស្នាក់នៅ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទឹក និងមានភ្លើងប្រេីប្រាស់គ្រប់គ្រាន់។ ហើយដេីម្បីជួយសម្រួលដល់បងប្អូនជនភៀសសឹក រាជរដ្ឋាភិបាលជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនបងប្អូនរយៈពេលពេញមួយឆ្នាំ (ដោយកំណត់មួុយខ្នងផ្ទះប្រេីប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)។
សូមបញ្ជាក់ថា ជាជំហានដំបូងនៃការចាប់ឆ្នោតជ្រេីសរេីសក្បាលដីផ្ទះ ត្រូវបានជ្រើសរើសយកពីរភូមិដំបូង រួមមានភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គី ៣១៨គ្រួសារ។
បច្ចុប្បន្ន ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀមឱ្យជនភៀសសឹកស្នាក់នៅបណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយ តាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕






