ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអនុគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ

នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ១-២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWFDMP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំងអនុគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា គោលបំណងចម្បងនៃបេសកកម្មគឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងវាយតម្លៃជាក់ស្តែងតាមទីតាំងអនុគម្រោងនីមួយៗ ក្នុងគោលដៅកំណត់អាទិភាពសម្រាប់ឈានទៅធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងរៀបចំប្លង់លម្អិត ដើម្បីត្រៀមលក្ខណៈអនុវត្តគម្រោងពេញលេញជំហានទី១ ដែលគ្រោងនឹងចាប់ផ្តើមពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១ ខាងមុខ។
ជាលទ្ធផល ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យទីតាំងអនុគម្រោងចំនួន ០៤ រួមមាន៖ទី១) អនុគម្រោងប្រព័ន្ធធារាសាស្ត្រចារឹក ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ២) អនុគម្រោងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទី៣) អនុគម្រោងប្រព័ន្ធស្ទឹងថ្មពួក ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និង៤) អនុគម្រោងប្រព័ន្ធប្រឡាយមេព្រៃខ្ពស់ ស្ថិតក្នុងឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងការចុះពិនិត្យទីតាំងជាក់ស្តែង ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ដើម្បីផ្តល់ការតម្រង់ទិសបច្ចេកទេស និងរៀបចំផែនការសហប្រតិបត្តិការ សំដៅធានាឱ្យការអនុវត្តគម្រោងទទួលបានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត៕

You might also like