លទ្ធផលសំខាន់ៗ ជុំវិញដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី

(សិង្ហបុរី)៖ ដោយទទួលបានការអនុញ្ញាតពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមដំណើរដោយលោក Amir Khan តំណាងអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital Strategies ធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
ទស្សនកិច្ចសិក្សានេះ មានគោលបំណងក្នុងការសិក្សាអំពីបទពិសោធន៍ល្អៗលើការងារគ្រប់គ្រងអត្តសញ្ញាណកម្ម និងការកសាងអត្តសញ្ញាណឌីជីថលជាតិ ដោយកម្មវិធី Singpass។
ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ប្រធានប្រតិភូ និងប្រតិភូអមដំណើរ បានស្វែងយល់លើ (១) ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម តាមរយៈលេខកូដសម្គាល់អត្តសញ្ញាណ (NRIC) ដោយផ្តល់ជូនប្រជាជនសិង្ហបុរីចាប់តាំងពីកើត រហូតដល់មរណភាព (២) ការអនុវត្តគោលនយោបាយឌីជីថល «ប្រទេសឆ្លាតវៃ (Smart Nation)» ដោយផ្តោតលើការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសសិង្ហបុរី និងក្នុងតំបន់ (៣) ការរៀបចំគម្រោងវិនិយោគពង្រឹងសមត្ថភាពស្ថាប័នរយៈពេលវែង ផ្តោតលើការរៀបចំគំរូហិរញ្ញប្បទានច្បាស់លាស់ និង (៤) ស្វែងយល់អំពីកិច្ចសហការរបស់ប្រទេសសិង្ហបុរី និងមជ្ឈមណ្ឌលសកលរបស់អង្គការ UNDP (UNDP-GC-TISD) លើការងារឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាAI និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ដោយផ្តោតលើកិច្ចសហការនាពេលអនាគតបន្ថែមទៀតរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយអង្គការ UNDP លើការពង្រឹងសមត្ថភាពមន្ត្រី និងការគាំទ្របច្ចេកទេសលើការរៀបចំកម្មវិធី «អត្តសញ្ញាណកម្មខ្មែរអេឡិចត្រូនិក»។
ជារួមទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ដែលជាប្រទេសឈានមុខលើអត្តសញ្ញាណឌីជីថលរយៈពេល ៣ថ្ងៃនេះ ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ អង្គភាពពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម និងអត្តសញ្ញាណឌីជីថលសិង្ហបុរី បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា ក្នុងការរៀបចំកម្មវិធី «អត្តសញ្ញាណកម្មខ្មែរអេឡិចត្រូនិក» ដើម្បីលើកកម្ពស់ការផ្តល់សេវាអត្តសញ្ញាណកម្មឌីជីថលជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យបានទូលំទូលាយ មានភាពបត់បែន និងជឿទុកចិត្តបាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ផ្តោតលើអាទិភាព «មនុស្ស និងបច្ចេកវិទ្យា» ក្នុងចំណោមអាទិភាពទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»៕

You might also like