ស្នងការនគរបាលខេត្តបាត់ដំបង បានទទួលស្គាល់ថា ពិតជាមានបទល្មើសលួចនាំបារីទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ ហើយនៅពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីចុះបង្ក្រាប។
សូមរំលឹកព័ត៌មាន!!! ព័ត៌មានក្ដៅៗ! តើច្បាប់នៅឯណា? លេចធ្លាយទីតាំង «ស្ពានដែក» ស្រុកកំរៀង កំពុងក្លាយជាច្រកសេដ្ឋកិច្ចងងឹត និងការនាំមនុស្សឆ្លងដែនខុសច្បាប់យ៉ាងអនាធិបតេយ្យ
(បាត់ដំបង)៖ កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានការទម្លាយភស្តុតាង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នេះថា នៅចំណុច «ស្ពានដែក» ស្ថិតនៅខាងក្រោយកាស៊ីណូ ក្នុងភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កំពុងក្លាយជាដំបៅខ្សាច់ បើកដៃឱ្យមានការនាំទំនិញបារី និងមនុស្សឆ្លងដែនខុសច្បាប់ចេញចូលយ៉ាងរលូនដូចអត់មានច្បាប់ទម្លាប់។
តាមប្រភពច្បាស់ការបានបង្ហើបថា ទីតាំងច្រករបៀងស្ពានដែកនេះ ស្ថិតក្រោមការគ្រប់គ្រង និងកាន់សោរដោយផ្ទាល់ពីកម្លាំងជំនាញចំនួន ៣ អង្គភាព រួមមាន៖
១. កម្លាំងនគរបាលអន្តោប្រវេសន៍
២. កម្លាំងយោធាផ្នែកទំនាក់ទំនង
៣. កម្លាំងយោធាកងពល
សំណួរដែលមហាជនកំពុងដាក់ការសង្ស័យ ៖ តើឯកឧត្តមអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍មេបញ្ជាការកងពល និងអាជ្ញាធរពាក់ព័ន្ធ លោកបានជ្រាបអំពីសកម្មភាព «លួចលាក់បែបចំហ» នេះដែរឬទេ? ឬមួយក៏អស់លោកធ្វើមិនដឹងមិនឮ ព្រោះវាជា «ឆ្នាំងស៊ុបដ៏មានរសជាតិ» ដែលមានការបន្ថែមសាច់បន្ថែមឆ្អឹងជាប្រចាំ ទើបរក្សាភាពស្ងៀមស្ងាត់ក្នុងភួយបែបនេះ?
សកម្មភាពដែលកំពុងផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាល៖
ការនាំទំនិញចេញ-ចូលពីកម្ពុជាទៅថៃ និងពីថៃមកកម្ពុជា ដោយមិនឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺ «ការនាំមនុស្សឆ្លងដែនខុសច្បាប់» ដែលជាហានិភ័យខ្ពស់ដល់សន្តិសុខជាតិ។ សកម្មភាពទាំងកម្លាំងសមត្ថកិច្ច និងក្រុមឈ្មួញនៅទីនោះ កំពុងតែដើរផ្ទុយស្រឡះពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន។
មហាជនសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ នឹងមិនសម្ងំដេកក្នុងភួយទាំងអាកាសធាតុក្តៅបែបនេះទៀតឡើយ ល្មមដល់ពេលបើកភ្នែកពិនិត្យមើលសកម្មភាពកូនចៅក្រោមឱវាទ ដែលកំពុងយកអំណាច និងតួនាទីទៅលក់ដោះដូរជាប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនញញើតច្បាប់។
សូមចែករំលែកដើម្បីឱ្យដល់ថ្នាក់ដឹកនាំ! យើងរង់ចាំមើលថា តើនឹងមានវិធានការក្ដៅចំពោះក្រុមអ្នកប្រព្រឹត្តបទល្មើសទាំងនេះដែរឬទេ? ៕






