ប្រទេសស៊ែរប៊ី ធ្វើជាម្ចាស់ផ្ទះសមយុទ្ធយោធារួមគ្នាលើកដំបូងមិនធ្លាប់មានជាមួយNATO
ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ថា សមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ណាតូ-ស៊ែរប៊ី កំពុងដំណើរការនៅក្នុងប្រទេសតំបន់បាល់កង់ ជាការបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏សំខាន់។
ក្រសួងបាននិយាយថា កងទ័ពប្រហែល៦០០នាក់មកពីប្រទេសស៊ែរប៊ី អ៊ីតាលី រ៉ូម៉ានី និងទួរគី កំពុងចូលរួមក្នុងសមយុទ្ធ «ណាតូ-ស៊ែរប៊ី» រួមជាមួយអ្នករៀបចំផែនការយោធា និងអ្នកសង្កេតការណ៍ មកពីប្រទេសសម្ព័ន្ធមិត្តជាច្រើនទៀត។ នេះគឺជាសមយុទ្ធយោធាលើកដំបូង ដែលធ្វើឡើងដោយផ្ទាល់ជាមួយសម្ព័ន្ធយោធាណាតូ ដែលនៅតែជាប្រធានបទដ៏រសើបនៅក្នុងប្រទេសស៊ែរប៊ី បន្ទាប់ពីយុទ្ធនាការតាមអាកាសរបស់សម្ព័ន្ធមិត្តប្រឆាំងនឹងយូហ្គោស្លាវីក្នុងឆ្នាំ១៩៩៩ ក្នុងអំឡុងសង្គ្រាមកូសូវ៉ូ។
រូបភាពដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញ ទាហានស៊ែរប៊ី និងNATO កំពុងឈរក្បែរគ្នានៅឯទីលានហ្វឹកហាត់យោធាមួយកន្លែងក្បែរទីក្រុង Bujanovac ភាគខាងត្បូងប្រទេសស៊ែរប៊ី រួមជាមួយយានរថពាសដែកមកពីកងកម្លាំងទាំងពីរ។ សមយុទ្ធជាយុទ្ធសាស្ត្រនេះ នឹងដំណើរការរហូតដល់ថ្ងៃទី២៣ ខែឧសភា ក្រោមកម្មវិធីភាពជាដៃគូដើម្បីសន្តិភាពរបស់NATO ដែលទីក្រុងប៊ែលក្រាដ បាននិយាយថា «គោរពអព្យាក្រឹតភាពយោធារបស់ប្រទេសស៊ែរប៊ី»។
ស៊ែរប៊ី បានក្លាយជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូដើម្បីសន្តិភាពរយៈពេលជិតពីរទសវត្សរ៍មកហើយ និងបានចូលរួមជាប្រចាំក្នុងសមយុទ្ធជាមួយសមាជិកណាតូ។ ប្រទេសនេះ ក៏បានវិនិយោគយ៉ាងច្រើនលើអាវុធក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ដោយទិញអាវុធពីរដ្ឋសមាជិកណាតូ ព្រមទាំងពីប្រទេសរុស្ស៊ី និងចិន។






