គណៈ​កម្ម​ការចំពោះកិច្ចចុះត្រួតពិនិត្យទីតាំង ​​២កន្លែងនៅ​កោះកុង និងព្រះសីហនុ សង្ស័យជាប់ពាក់ព័ន្ធ ONLINE SCAMS, ឃាត់ខ្លួនជនសង្ស័យ​ចំនួន ៦៦នាក់

(ព្រះសីហនុ)៖ លោកបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រង​ល្បែង​ពាណិ​ជ្ជ​កម្ម​​កម្ពុជា (គ.ល.ក.) ជាអនុប្រធានលេខាធិការដ្ឋាន គណៈ​កម្ម​ការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារ​ចម្រុះ​ចំណុះ លេខាធិការដ្ឋាន គ.ប.ឆ.ប. បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្ដែងនៅទីតាំង​​ចំនួន ២ នៅក្នុងខេត្ត​កោះកុង និងខេត្តព្រះសីហនុ ដែលសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការចុះត្រួតពិនិត្យជាក់ស្ដែងនៅទីតាំង​​ចំនួន ២នេះ ធ្វើឡើង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ ​គណៈ​កម្ម​ការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងជា​ប្រធាន​​លេខា​​ធិការ​ដ្ឋាន គ.ប.ឆ.ប.។

ទីតាំងដែលបានចុះត្រួវពិនិត្យរួមមាន ​ទីតាំងទី១៖ នៅផ្ទះវីឡាផ្លូវចូលឆ្នេរកុកហាវ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោកអភិបាលរង តំណាងលោកស្រី ឈី វ៉ា អភិបាលនៃ​គណៈអភិបាល​ខេត្ត​កោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអភិបាល និងកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្ត ដោយមាន​ការ​​សម្រប​សម្រួលនីតិវិធីពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង។

ក្នុងប្រតិបត្តិការនេះ កងកម្លាំង​បាន​ពិនិត្យ​ឃើញ​​មាន​សម្ភារមួយចំនួន រួមមាន Monitor ចំនួន ១៣ គ្រឿង, ឧបករណ៍តបណ្តាញ Network ចំនួន ២, CPU ចំនួន ២, ឧបករណ៍ចាប់អ៊ិនធឺណែតតាមប្រព័ន្ធផ្កាយរណប (STARLINK) ចំនួន ១ ព្រមទាំង​​ ​តុកៅអី គ្រែពីរជាន់ និងម៉ាស៊ីន​ត្រជាក់​។ ឧបករណ៍ និងសម្ភារមួយចំនួន ត្រូវបានដកហូត និងប្រគល់ជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីពិនិត្យ និងបន្តនីតិវិធី។ ដោយឡែក, ទីតាំងខាងលើ​ត្រូវបានសម្រេចបិទសៀល ព្រមទាំងផ្តាច់ប្រព័ន្ធអគ្គីសនី, ទឹក និងអ៊ីនធឺណែត ជាបណ្តោះអាសន្ន រហូតមាន​សេចក្តី​សម្រេច​ជាថ្មី។

ទីតាំងទី២៖ នៅកាស៊ីណូ យីង ហ័ង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពី កងរាជអាវុធហត្ថខេត្តព្រះសីហនុ និង សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៦៦ នាក់ ភេទប្រុស (ជនជាតិចិនចំនួន ៦៤ នាក់ និងជនជាតិខ្មែរចំនួន ២ នាក់) និង បានដកហូតវត្ថុតាងរួមមាន កុំព្យួទ័រចំនួន ៦២ គ្រឿង, ទូរសព្ទដៃ ៤២៨ និងសម្ភារមួយចំនួនទៀត។​ ក្រោយពីបានពិនិត្យលើឧបករណ៍អេឡិចត្រូនិចខាងលើ, ក្រុមការងារសន្និដ្ឋានថា មានការពាក់ព័ន្ធនឹងការឆ​បោកតាម​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌មាន (Online Scams)។

សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ជាអាទិភាព​ខ្ពស់​មួយ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅនឹង​សន្តិសុខសង្គម សុវត្ថិភាព​ប្រជាពលរដ្ឋ និង​កិ​តិ្ត​យស​​​ជាតិ​លើ​ឆាកអន្តរជាតិ។

ក្នុងស្មារតីនេះ​ លេខា​​ធិការ​ដ្ឋាន គ.ប.ឆ.ប. ប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយបន្តសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិ​ត្យ ឆែកឆេរ និងចាត់វិធានការដោយមិនមានករណីលើកលែងចំពោះទីតាំងទាំងឡាយណា ដែល​សង្ស័យថា​មាន​ជាប់ពាក់ព័​ន្ធ​នឹងអំពើ​ខុស​ច្បាប់​ និងជាពិសេសការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ៕

You might also like