ប្រមុខការទូតកម្ពុជាបង្ហាញពីការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ UNSC អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយោធាថៃ
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយោធាថៃ។
ក្នុងឱកាសថ្លែងសុន្ទរកថានោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែល បានទទួលតួនាទីជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី វ៉ាង យី ដែលបានរៀបចំកិច្ចពិភាក្សាដេញដោលកម្រិតខ្ពស់នៅចំពេលវេលាដ៏ល្អនេះលើបញ្ហាដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅចំពោះសន្តិភាពអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និង សន្តិសុខរួម នៅក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ការប្រែប្រួល និងភាពចលាចលកាន់តែខ្លាំងឡើង។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា រយៈពេល៨០ឆ្នាំមកនេះ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានដើរតួជាគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងជាក្របខណ្ឌតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងឡាយ។ គោលការណ៍គ្រឹះនៃ ធម្មនុញ្ញនេះ រួមមានសមភាពអធិបតេយ្យភាពនៃរដ្ឋ ការគោរពឯករាជ្យភាព និងបូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ដែលនៅតែជាកត្តាមិនអាចខ្វះបាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងយុត្តិធម៌អន្តរជាតិ។
ឯកឧត្តមបានបន្តថា ទោះជាយ៉ាងណាក៏ដោយនៅពេលបច្ចុប្បន្នគោលការណ៍ទាំងនេះកំពុងរងសម្ពាធកាន់តែខ្លាំងឡើង។ ពិភពលោកបន្តប្រឈមមុខនឹងជម្លោះប្រដាប់អាវុធ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការបែកខ្ញែកនៃ សេដ្ឋកិច្ច និងការធ្លាក់ចុះនៃទំនុកចិត្តរវាងប្រជាជាតិ និងប្រជាជាតិ។ ទន្ទឹមនឹងនេះ ការប្រែប្រួលអាកាសធាតុ វិបត្តិសន្តិសុខស្បៀង និងថាមពល ជំងឺរាតត្បាត ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងបទល្មើសឆ្លងដែននៅតែបន្តបង្កជាប្រឈមដ៏ធ្ងន់ធ្ងរជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ឯកឧត្តមបានបន្តថា តថភាពទាំងនេះបានរំឭកយើងថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពអាចសម្រេច ទៅបានលុះត្រាតែមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការទទួលខុសត្រូវរួម។ ហេតុនេះហើយទើបកម្ពុជាជឿជាក់ថា ការធ្វើឱ្យរស់រវើក និងការពង្រឹងឡើងវិញ នៃប្រព័ន្ធពហុភាគីនិយមដែលមានអង្គការសហប្រជាជាតិជាស្នូល គឺជារឿងចាំបាច់បំផុត ដើម្បីការពារសន្តិសុខ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ប្រជាជាតិទាំងអស់ ជាពិសេសបណ្តាប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍។ ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវតែបន្តដើរតួជាបាតគ្រឹះនៃទំនាក់ទំនងអន្តរជាតិ និងជាក្របខណ្ឌមិនអាចខ្វះបាន សម្រាប់ការរស់នៅជាមួយគ្នាដោយ សន្តិវិធី កិច្ចសហប្រតិបត្តិការ និងការបង្ការជម្លោះ។
តាមរយៈសុន្ទរកថា ឯកឧត្តម ប្រាក់ សុខុន បានលើឡើងនូវបទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការថែរក្សាសន្តិភាព។ ឯកឧត្តមបន្តថា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អ៊ុនតាក់ (UNTAC) ឬអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារប្រទេសកម្ពុជាឡើងវិញ។
ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថាដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ ដល់សន្តិភាព និងជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈ ការសន្ទនា ការទូត ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា៖«ក្នុងស្មារតីនេះកម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ អនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ឯកឧត្តមបានសង្គង់ធ្ងន់ថា៖«ព្រំដែន និងអធិបតេយ្យភាពមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ (fait accompli)។ ទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយយើងនៅតែមានការព្រួយបារម្ភ ចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។ ហេតុដូច្នេះ បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ទាំងស្រុង»។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងន័យនេះ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា ការអនុវត្តដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាសំខាន់បំផុតក្នុងការស្តារទំនុកចិត្តឡើងវិញ ការធានា សន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលភៀសសឹកអាចវិលត្រឡប់ទៅផ្ទះវិញដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បី ជាប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពបន្តបន្ទាប់ នៅក្នុងតំបន់ ទាំងមូល៕






